ភ្នំពេញ ៖ 

បុរសជាមន្ត្រីយោធាម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ភ្លាម បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយឈប់រង់ចាំស្តុប ។

ក្រោយមក ក៏មានជនឆ្លៀតឱកាសលួចយកកាបូបនិងទូរស័ព្ទពីខ្លួនជនរងគ្រោះជិះរត់គេច ខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញ ក៏ជិះប្រដេញពីក្រោយ យកបានតែទូរស័ព្ទមកវិញ ចំណែកឯកាបូប ត្រូវជនសង្ស័យជិះយកគេចខ្លួនបាត់ស្រមោល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ជាក់ផ្អើលកាលពីវេលាម៉ោង11:30 នាទីយប់ ថ្ងៃទី18 ខែមិថុនាឆ្នាំ 2025 ចំណុចស្តុបស្ពានអាកាសទំនប់កប់ស្រូវ ស្ថិតនៅលើផ្លូវជាតិ លេខ 4 សង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជាមន្ត្រីយោធាម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌សពាក់ស្លាកលេខ កំពង់ស្ពឺ 1Z-5219 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីលិចទៅ កើតក្នុងល្បឿនយ៉ាងលឿន ។

លុះពេលជិះមកដល់ចំណុចកើតហេតុ នៅនិងស្តុបស្ពាន អាកាសទំនប់កប់ស្រូវ មិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ មួយគ្រឿងមិនចាំស្លាកលេខដែលឈប់រងចាំស្តុប យ៉ាងពេញទំហឹង បណ្តាលឲ្យបោកផ្ទប់ផុងក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់មក ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមកឈប់ធ្វើជាចុះមកមើល រួចក៏ឆ្លៀតយកទូរស័ព្ទ១គ្រឿង រួមទាំងកាបូបលុយជិះរត់គេចខ្លួន។ ពេលនោះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍ ក៏ជិះប្រដេញតាមពីក្រោយរហូតចាប់បាន។ តែយកបានតែទូរស័ព្ទ មកវិញ ចំណែកកាបូបត្រូវជនសង្ស័យយកជិះគេចខ្លួនបាត់ស្រមោល ចំណែកឯជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យលោកសង្ឃផងដែរ។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯរថយន្ត សមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕