ភ្នំពេញ៖ 

បុរសម្នាក់ គេអះអាងថាមានវិបត្តិអ្វីមួយ បានលោតទឹកសម្លាប់ខ្លួនពីលើ ស្ពាន ជ្រោយចង្វារតែពុំស្លាប់ដោយសារចេះហែលទឹក ហែលចូលខាងវិញ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី ៩ខែមិថុនាឆ្នាំ ២០២៥នៅចំណុចស្ពានជ្រោយចង្វារថ្មីក្នុងភូមិដើមគរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បុរសដែលលោត ទឹកសម្លាប់ខ្លួនរូបនោះពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ។ បន្ទាប់ពីលោតចុះក្នុងទន្លេរួចក៏ហែលចូលខាង។ 

តាមព័ត៌មាន បានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញបុរសរូបនោះបានធ្វើដំណើរឡើង ស្ពានជ្រោយចង្វារក្នុងទិសដៅពីកើតទៅលិច។នៅពេលធ្វើដំណើរឡើងស្ពានបានបន្តិចដល់កំផែងក៏បានឈប់តោងបង្កាន់ដៃទៅឈរនៅខាងក្រៅប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន។ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរទៅរាយការណ៍ប្រាប់នគរបាលចរាចរណ៍មកឃាត់តែក្រោយមកបុរសរូបនោះបានលោតចុះទឹកក្នុងទន្លេសាបសម្លាប់ខ្លួន។ 

តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីលោតទឹកគេឃើញបុរសរូបនោះបានហែលទឹកចូលខាងវិញតែក្រោយមកមានទូក នេសាទទៅជួយស្រង់យកចូលខាង។

ទោះបីជាយ៉ាងណាគេពុំដឹងថាបុរសនោះមានវិបត្តិអ្វីឡើយបានជាគិតខ្លីលោតទឹកសម្លាប់ខ្លួនបែបនេះ។  បន្ទាប់ពីស្រង់ យកចូលខាង បុរសរូបនោះក៏បានធ្វើដំណើរត្រឡប់ទៅវិញបាត់ទៅ៕