បាត់ដំបង ៖ 

យ៉ាងហោចណាស់ មនុស្សប្រុសស្រី០៤នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿង បុកគ្នានៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្ឆ្នាំ២០២៥ នៅចំណុចផ្លូវប្រសព្វចូលព្រលានយន្តហោះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ 

 

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្ដម៉ាក CAMRY ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង2C-2049 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាប្រពន្ធម្នាក់និងកូនម្នាក់ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលព្រលាន ភ្លាមនោះក៏មានរថយន្តម៉ាក GAC MOTOR GS5 ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BU-4028 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចបានជ្រុលចង្កូតមកបុកពេញទំហឹងអោយរថយន្តប៉ើងជាង១០ម៉ែត្រ និង ហោះឡើងឃឿនថ្ម បណ្តាលអោយស្ត្រីជាប្រពន្ធម្ចាស់រថយន្ត CAMRY របួសធ្ងន់ ចំណែករថយន្តទាំងពីរខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ធ្វើគំនូសហេតុនិងដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕