យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅឆ្នាំ២០២៥ បានចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា។ យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ឆ្នាំ២០២៥ នៃមូលនិធិគន្ធបុប្ផាកម្ពុជាបានប្ររព្ធពិធី បើក  ធ្វើឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅបរិវេណស្តូបលោកយាយពេញ វត្តភ្នំ កាលពីថ្ងៃទី ១ មិថុនា ឆ្នាំ២០២៥។ នេះជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ជាមួយគ្នានេះ ក៏ដើម្បីផ្សារភ្ជាប់ និងបង្កើនសកម្មភាពចូលរួមរបស់សាធារណជន សប្បុរសជនដើម្បីជួយសង្គ្រោះកុមារដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងកម្មវិធី ក៏មានប្រជាពលរដ្ឋអាចចូលរួមបរិច្ចាគទាំងថវិកា និងបរិច្ចាគឈាម ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា និងជួយសង្គ្រោះទារកកុមារកម្ពុជា។ ព្រោះមន្ទីរពេទ្យគន្ធបុប្ផាពិតជាត្រូវការចាំបាច់នូវការចូលរួមគាំទ្រពីសាធារណជន។ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការរបស់រដ្ឋតែមួយគត់ និងជាមូលនិធិរបស់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់គ្នា ដែលបង្កើតឡើងដើម្បីជាយានផង ជាថ្នាលផង ដើម្បីទទួលទឹកចិត្តសប្បុរសធម៌របស់សាធារណជនទាំងអស់នៅទូទាំងប្រទេស ខណៈតម្រូវការនៅមានទំហំធំនៅឡើយ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា»។

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០២៤ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រមូលថវិកាបានសរុប ៣,៣លានដុល្លារ សម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា គិតជាមធ្យមទៅលើការចំណាយប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ សម្រាប់បេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់លានករណីប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង។ 

ដើម្បីចូលរួមគាំទ្រយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ សាធារណជនអាចចូលរួមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង១៦ ដែលជាដៃគូរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ឬតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារ ឬតាមរយៈ QR Code នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំង១៦ ដែលជាដៃគូ ផងដែរ៕