ភ្នំពេញ៖
ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងពីនាងកម្មការិនីរោងចក្រម្នាក់បានសម្រេច ប៉ុន្តែរត់អត់រួច ដោយនាងស្រែកថាចោរៗ និងជិះម៉ូតូដេញតាម ហើយ បានជួបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ កំពុងល្បាតតាមផ្លូវខាងលើ ហើយនគរបាល ក៏ជួយដេញតាមធាក់ផ្ដួលជនសង្ស័យ ទើបឃាត់បានទាំង២នាក់តែម្ដង ។
ហេតុការណ៍ខាងលើ បានកើតឡើងនាវេលាម៉ោង០៦និង១០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅតាមមហាវិថីចោមចៅ ត្រង់ចំណុចមុខផ្សារចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលនគរបាលឃាត់ខ្លួននោះ៖ ១/ឈ្មោះ រក្សា ពេច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២/ឈ្មោះគុណ សុភ័ក្រ្ដ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដោយឡែក ជនរងគ្រោះឈ្មោះសារ៉ាត់ សុខរចនា ភេទស្រី អាយុ២១ឆ្នាំ មុខបរកម្មករិនីរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុនាងបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីពណ៍ស ពាក់ស្លាកលេខភ្នំពេញ1JI-3233 ចេញពីផ្ទះទៅធ្វើការរោងចក្រនៅម្ដុំផ្សារទួលពង្រ ដោយបានទុកទូរស័ព្ទម៉ាកIphone12promax នៅឃ្លុបម៉ូតូខាងមុខ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើជិះមម៉ូតូ០១គ្រឿងម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ1IN-8915ទៅពីក្រោយ។ បន្ទាប់មក បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាងបានសម្រេចរួចជិះម៉ូតូគេចខ្លួន ។
ជនរងគ្រោះ បាននិយាយបន្តទៀតថាពេលនោះនាងក៏ស្រែកថាចោរៗ និងជិះម៉ូតូដេញតាម ហើយបានជួបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ កំពុងល្បាតតាមមហាវិថីចោមចៅ នគរបាលក៏បានជួយដេញតាមរហូតដល់ផ្លូវតាមផ្លូវ៣០ម៉ែត្រភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ទើបតាមទាន់ ។ ខណៈនោះនគរគរបាលបានធាក់ផ្ដួល បណ្ដាលឲ្យដួលហើយជនសង្ស័យម្នាក់បានរត់ចូលព្រៃក្នុងដីឡូត៌មួយកន្លែង និងម្នាក់ទៀតរត់ចូលផ្ទះជួល ទើបត្រូវបាននគរបាលឃាត់ខ្លួនបាន ហើយដកហូតទូរស័ព្ទប្រគល់ឲ្យជនរងគ្រោះវិញ បន្ទាប់មក បាននាំជនសង្ស័យទាំង២នាក់ ទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ដើម្បីចាត់ការតាមច្បាប់ ៕