ប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានប្រកាសប្តេជ្ញាកាលពីថ្ងៃអាទិត្យ ទី8 ខែមិថុនាថា នឹងបន្តការផ្លាស់ប្តូរអ្នកទោសជាមួយប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងសុន្ទរកថា លោក ហ្សេលេនស្គី បានបញ្ជាក់ថា ប្រទេសអ៊ុយក្រែន មិនទាន់ទទួលបានបញ្ជីឈ្មោះអ្នកទោសពេញលេញ ដែលត្រូវបានដោះលែង ក្រោមកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងកិច្ចចរចារសន្តិភាពក្នុងប្រទេសតួរគីនៅឡើយទេ ព្រមទាំងចោទប្រកាន់ប្រទេសរុស្ស៊ីថាកំពុងលេងល្បែងនយោបាយ និងប្រឌិតព័ត៌មានមិនពិត។ គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីប្រទេសរុស្ស៊ី បានចោទប្រកាន់ប្រទេសអ៊ុយក្រែនថាបានពន្យារពេលការផ្លាស់ប្តូរអ្នកទោសចុងក្រោយដោយគ្មានបញ្ជាក់ទុកជាមុន ជាការចោទប្រកាន់ដែលត្រូវបានច្រានចោលដោយភាគីអ៊ុយក្រែននោះ។