ភ្នំពេញ៖
បុរសម្នាក់ ត្រូវរថយន្តដឹកទំនិញមួយគ្រឿងបុក ហើយ កិនចំដងខ្លួនដាច់ជាពីរកំណាត់និងម្នាក់ទៀត រងរបួសធ្ងន់ ខណៈពេលដែលជិះម៉ូតូមួយគ្រឿងរសៀលមកឈប់ស្តុប ផ្នែកខាងឆ្វេងដៃ ដើម្បីបត់ ហើយ ត្រូវរថយន្តមកបុកពីក្រោយនិងកិនម៉ូតូ អូសប្រមាណ១០០ម៉ែត្រ ទើបឈប់ ហើយ អ្នកបើកបរបានរត់គេចខ្លួនបាត់។
គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី ៩ខែមិថុនាឆ្នាំ២០២៥នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងភូមិ ភ្លូរផ្អែម សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់នេះឈ្មោះអ៊ុត សុភី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរទិញលក់គោ ស្នាក់នៅភូមិស្រះសណ្តាយ សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខភ្នំពេញ១CL៧៥២១ បានបែកដាច់ដងខ្លួនជា២កំណាត់ ស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែកអ្នករងរបួសជាអ្នករួមដំណើរឈ្មោះ ចែម នាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ គ្រូពេទ្យ ស្នាក់នៅភូមិត្រពាំងខ្លា ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរងរបួសដៃ ។ រីឯរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញ ពណ៌ស ជារថយន្តរបស់ក្រុមហ៊ុនC.R ពាក់ស្លាកលេខភ្នំពេញ ៣E.១៣១៣បើកបរដោយបុរសម្នាក់បានរត់គេចខ្លួនបាត់។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូមួយ គ្រឿងខាងលើ គ្នាពីរនាក់ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីត្បូងទៅជើង។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ(ស្តុបផ្លូវចូលវត្តភ្នៀត) ក៏ជិះឆ្លងផ្លូវ អែប កណ្ដាល ផ្លូវជាប់សួនច្បារគោបំណងបត់ឆ្វេង ។ ខណៈនោះស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿងខាងលើ ធ្វើដំណើរក្នុងល្បឿនលឿនទាំងភ្លើងក្រហម មកបុកពីក្រោយពេញទំហឹងតែម្តង។ ដោយឡែក អ្នករួមដំណើរ បានខ្ទាតចេញ តែត្រូវកង់រថយន្តកិនចំដៃរងរបួសធ្ងន់។
តាមព័ត៌មានឲ្យដឹងទៀតថា ខណៈនោះ ជនរងគ្រោះត្រូវបានរថយន្តបុកនិងកិនជាប់ក្រោមរថយន្តទាំងម៉ូតូ ហើយ អូសទៅមុខប្រមាណជិត៥០ម៉ែត្រ ទើបរបូតហើយម៉ូតូជាប់ក្រោមរថយន្ត អូសប្រមាណ១០០ម៉ែត្រ ទើបរថយន្តឈប់ ហើយ អ្នកបើកបររត់គេចខ្លួនបាត់៕