បន្ទាយមានជ័យ៖ 

ស្ថានការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាន់តែមានភាពតានតឹង កម្លាំងយោធាថៃរឹតបណ្តឹងមិនឲ្យម៉ូតូរទេះរបស់អាជីវករខ្មែរចេញ.ចូលដោយឯកតោភាគី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងយោធាថៃ បានហាមឃាត់ ម៉ូតូ រទេះ នៅមុខច្រកទ្វារព្រំដែនក្លងឡឹក ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺហាមមិនអនុញ្ញាតិឲ្យអាជីវករខ្មែរដែលចេញ-ចូលទៅលក់ដូរនៅផ្សាររោងក្លឿទៀតទេ ដែលជាអាជីវករទៅព្រឹកវិលល្ងាច ដោយបញ្ជាក់ថា នេះជាបទបញ្ជារបស់ថ្នាក់លើ។

ហើយអ្វីដែលថ្មី ភាគីថៃបានប្រកាសកាលពីយប់មិញនោះ នៅថ្ងៃទី២៤ខែឧសភា២០២៥នេះ នឹងធ្វើការបិទច្រកទាំងអស់ដែលឈម និងខេត្រស្រះកែវប្រទេសថៃ ហើយក្នុងខេត្តបន្ទាយមានជ័យមានច្រកព្រំដែនចំនួន ៤ ដែលឈមនិងខេត្តស្រះកែវប្រទេសថៃ មានច្រកទ្វារព្រំដែនអន្តរជាតិ២កន្លែង គឺច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ហើយច្រកតំបន់មានពីរដែរ គឺច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចធិបតីហ៊ុន ម៉ាណែតបានបញ្ជាក់ថា៖ មានអាជីវករខ្មែរដែលក់ដូរក្នុងផ្សាររ៉ូងក្លឿដែលស្នាក់នៅលក់ដូរជាច្រើននាក់ បើភាគីថៃបិទ(ដោយឯកតោភាគី)នឹងជាប់គាំ ក្នុងនាមអាជ្ញាធរក្រុង/ខេត្តជាប់ជាយ និងក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្វើការសម្របសម្រួលជាមួយភាគីថៃដើម្បីអោយអាជីវករខ្មែរដែលលក់ដូរផ្សាររោងក្លឿប្រទេសថៃ និងពលករខ្មែរដែលត្រឡប់ពីប្រទេសថៃបម្រុងចូលមកកម្ពុជាសុំសម្រួលពលរដ្ឋខ្មែរចូលអោយអស់ចាំបិទទ្វារព្រំដែន៕