កីឡាករវាយសីជនពិការកម្ពុជា វ៉េង វ៉េ ទទួលបានចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាវាយសីជនពិការអន្តរជាតិ នៅប្រទេសថៃ (Thailand Para International Tournament 2025) បានវិលត្រឡប់មកមាតុប្រទេសវិញហើយ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ជាមួយនឹងក្តីរីករាយយ៉ាងខ្លាំង ដែលខ្លួនទទួលបានមេដាយមកយកជូនជាតិ។
ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កីឡាករ វ៉េង វ៉េ គូសបញ្ជាក់ថា ខ្លួនពិតជាសប្បាយចិត្តណាស់ ដែលដណ្តើមបានមេដាយសំរឹទ្ធយកមកជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ កីឡាករមានពិការភាព វ៉េង វ៉េ ដែលទទួលបានមេដាយសំរឹទ្ធនេះ គឺប្រកួតលើវិញ្ញាសាវាយគូ ដោយបានចាប់ដៃគូជាមួយកីឡាករលីបង់ Rida Rizk។ កីឡាកររូបនេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជំពោះថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសឯកឧត្តម លី កុសល ប្រធានសហព័ន្ធ និងឯកឧត្តម កែវ រស់ ដែលតែងជំរុញលើកទឹកចិត្តដល់អត្តពលិកមានពិការភាព ជាពិសេសផ្តល់ឱកាសដល់រូបគេបានចូលរួមប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។
លោក ព្រំ សារ៉ាវុធ មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជាតំណាងឯកឧត្តម កែវ រស់ អគ្គលេខាធិការសហព័ន្ធបានលើកឡើងថា ការចូលរួមប្រកួតរបស់កីឡាករ កីឡាការិនីមានពិការភាពកម្ពុជា២នាក់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន២ នៅប្រទេសថៃ គឺការប្រកួត Thailand Para International Tournament 2025 និងការប្រកួតកីឡាវាយសីជនពិការជើងឯកអាស៊ី (Asia Badminton Championship)។ លោកបញ្ជាក់ថា ការប្រកួតនេះមាន ២៧ប្រទេសចូលរួម ជុំវិញពិភពលោក ក្នុងនោះមានដូចជាប្រស៊ីល ជប៉ុន អាមេរិក បារំាងជាដើម។
លោក ព្រំ សារ៉ាវុធ គូសបញ្ជាក់ថា សហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម លី កុសល ប្រធានសហព័ន្ធតែងតែមានចក្ខុវិស័យ ក្នុងការអភិវឌ្ឍ មិនត្រឹមតែជំរុញដល់ប្រភេទកីឡាវាយសីសម្រាប់ជនមិនមានពិការភាពប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រភេទកីឡាវាយសីជនមានពិការភាពក៏ត្រូវបានលើកកម្ពស់ដូចគ្នា។ សម្រាប់ប្រភេទកីឡាវាយសីជនមានពិការភាពនេះក៏ត្រូវបានលើកកម្ពស់ខ្លាំងពីសហព័ន្ធវាយសីអាស៊ី និងសហព័ន្ធវាយសីពិភពលោក ដែលជំរុញឱ្យបណ្តាប្រទេសនានា ក៏ដូចជាកម្ពុជាបង្កើតធនធានកីឡាករ កីឡាការិនីពិការឱ្យបានច្រើនផងដែរ។
ជាមួយគ្នានេះ លោក ហ្សង់ អ៊ីវ គ្រូបង្វឹកវាយសីដឹកនាំកីឡាករ កីឡាការិនីពិការ២នាក់ចូលរួមប្រកួតនេះបានលើកឡើងថា កីឡាការិនី យី សុខចាន់ ដែលប្រកួតវាយសីជិះរទេះមិនទទួលបានមេដាយទេ ប៉ុន្តែសហព័ន្ធវាយសីអន្តរជាតិបានកោតសរសើរចំពោះការចូលរួមប្រកួតប្រជែងដោយធ្វើឱ្យមានភាពទាក់ទាញជាមួយនឹងពិន្ទុបានល្អគួរសមដែរ។ សម្រាប់ការចូលរួមប្រកួតជាលើកដំបូងរបស់អត្តពលិកពិការកម្ពុជា នាពេលនេះ លោកគិតថា មេដាយសំរឹទ្ធ១គ្រឿងនេះជាសមិទ្ធផលដ៏ល្អមួយរបស់យើងហើយ ដោយសារតែការចូលរួមនេះសុទ្ធតែជាកីឡាករខ្លាំងៗមកពីជុំវិញពិភពលោក ខណៈកីឡាករខ្លះទៀតសុទ្ធតែជាម្ចាស់មេដាយមាសអូឡាំពិកហ្គេមឯណោះ៕