សម្តេចតេជោ ហ៊ុន សែន៖ ព្រំដែនកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក, កម្ពុជាមិនត្រូវការចរចានោះទេ

National • June 16, 2025
 សម្តេចតេជោ ហ៊ុន សែន៖ ព្រំដែនកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក, កម្ពុជាមិនត្រូវការចរចានោះទេ

ភ្នំពេញ៖ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ច្បាស់ៗថា ចំពោះបញ្ហារឿងព្រំដែន ដែលខាងកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក ហើយ កម្ពុជាមិនត្រូវការចរចានោះទេ ព្រោះថាពេលបិទ បិទដោយខ្លួនឯង ពេលបើកហៅកម្ពុជាទៅចរចា។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា មានសំណើរសុំឲ្យមានការចរចា ក៏ប៉ុន្ដែវាសាកសមទេ សម្រាប់ការចរចារឿងបែបនេះ ព្រោះថា ការរំលោភលើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ទៅលើបញ្ហាច្រកព្រំដែន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា កម្ពុជា សម្រេចពន្យារពេល២៤ម៉ោង ក្នុងការបិទច្រកព្រំដែន នៅទូទាំងប្រទេសជាមួយថៃ បន្ទាប់ពីមានការជជែក តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ។ បើថ្ងៃនេះ ថៃ មិនបើកច្រកព្រំដែនប្រក្រតីឡើងវិញទេ គឺកម្ពុជានឹងបិទគ្រប់ច្រកតែម្តង។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យពលរដ្ឋថៃ ទៅតវ៉ាជាមួយយោធាថៃ រឿងបិទច្រកព្រំដែន ព្រោះនេះ ជាការបំពានច្បាប់របស់យោធាថៃ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា បើថៃ បើកនៅម៉ោង១យប់ យូរបំផុតត្រឹម៥ម៉ោងកម្ពុជាបើក។ បើពេលថ្ងៃវិញ ក្រោយថៃបើក ត្រឹមតែ១ម៉ោង ឬ២ម៉ោង គឺកម្ពុជាបើកវិញហើយ។ សម្តេចតេជោ បានថ្លែងថា ថៃ ជាអ្នកបិទច្រក ដូច្នេះថៃបើកទៅ គឺចប់ហើយ។ ថៃជាអ្នកចង ថៃត្រូវតែជាអ្នកស្រាយ កម្ពុជាមិនទៅស្រាយជាមួយឡើយ។

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ការបិទមិនឱ្យថៃ នាំទំនិញចូលមកកម្ពុជា គឺមានលទ្ធភាពខ្ពស់៕








x Enlarged Image