ព្រះវិហារ ៖ 

ច្រកទ្ធារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានភាគីកម្ពុជាបិទជាស្ថាពរ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក នាន់ បូនេត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអានសេះ បានថ្លែងប្រាប់ ឱ្យដឹងនៅរសៀលថ្ងៃនេះថា ច្រកទ្វារព្រំដែនអានសេះ ពិតជាត្រូវបានភាគីកម្ពុជាបិទជាផ្លូវការ មែន។ លោកថា មូលហេតុដែលភាគីកម្ពុជាបិទច្រកនេះដោយសារតែភាគីថៃសម្រេច ជាឯកតោភាគី បន្ថយថ្ងៃ បន្ថយម៉ាង ចេញចូលឆ្លងកាត់ច្រកនេះ។

លោក នាន់ បូនេត បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា មុនព្រឹត្តិការណ៍នៅតំបន់ព្រំដែនមុំបី ច្រកអានសេះបានបើកដំណើរការ២ថ្ងៃក្នុង១សប្តាហ៍ គឺថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ពីម៉ោង ០៩.០០នាទីព្រឹក ដល់ម៉ោង០៣.០០នាទីរសៀល។

ប៉ុន្តែក្រោយព្រឹត្តិការណ៍នៅតំបន់ព្រំដែនមុំបី ភាគីថៃបានសម្រេចជាឯកតោភាគី បើកច្រក នេះ តែ១ថ្ងៃក្នុង១សប្តាហ៍ គឺថ្ងៃព្រហស្បតិ៍ ពីម៉ោង០៩.០០នាទីព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដែលធ្វើឱ្យភាគីកម្ពុជាមិនអាចទទួលយកបាន។

លោកប្រធានច្រកថ្លែងប្រាប់ទៀតថា នៅព្រឹកថ្ងៃនេះដែរភាគីថៃ បានមកសុំឱ្យភាគីកម្ពុជា បើកច្រក តែភាគីកម្ពុជាមិនបើកនោះទេ។

ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ បើសិនជាភាគីថៃបើកច្រកនេះដូចមុនព្រឹត្តិ ការណ៍ព្រំដែននៅតំបន់មុំបី នោះភាគីកម្ពុជានឹងបើកច្រកអានសេះនេះវិញដែរដែរ៕