កាលពីថ្ងៃព្រហស្បតិ៍ ទី5 ខែមិថុនា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលអាមេរិក ជាមួយបណ្ដាក្រុមហ៊ុននានារបស់មហាសេដ្ឋី អ៊ីឡុន ម៉ាស ខណៈមហាសេដ្ឋីរូបនេះបាននិយាយថា លោកប្រធានាធិបតី ត្រាំ គួរតែត្រូវដកចេញពីតំណែង ដោយប្រែក្លាយទំនាក់ទំនងដ៏ផ្អែមល្ហែមរវាងមេដឹកនាំទាំងពីរនេះ ទៅជាជម្លោះដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គម។ លោកប្រធានាធិបតី ត្រាំ បាននិយាយថា មធ្យោបាយដ៏ងាយស្រួលមួយដើម្បីសន្សំសំច្ចៃថវិការបស់យើងរាប់ពាន់លានដុល្លារនោះ គឺផ្ដាច់កុងត្រាជាមួយក្រុមហ៊ុនទាំងអស់របស់លោក អ៊ីឡុន ដោយត្រឹមតែពាក្យសំដីមួយម៉ាត់នេះ ធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន ថេសឡា ខាតទឹកប្រាក់ប្រមាណ 150 ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា ជម្លោះពាក្សសំដីនេះ ផ្ទុះឡើង ក្រោយពេលលោកប្រធានាធិបតី ត្រាំ បានរិះគន់មហាសេដ្ឋីក្រុមហ៊ុន ថេសឡា អ៊ីឡុន ម៉ាស និងនៅពេលដែលមហាសេដ្ឋីរូបនេះ បានថ្កោលទោសគោលនយោបាយពន្ធ និងការចំណាយរបស់លោក ត្រាំ និងថែមទាំងនិយាយថា លោក ត្រាំ ប្រហែលជាចាញ់ក្នុងការបោះឆ្នោតកាលពីឆ្នាំ 2024 បាត់ទៅហើយ ប្រសិនបើគ្មានការគាំទ្រពីរូបលោកនោះ។