ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់គ្រូពេទ្យសម្តេចស្ម័គ្រចិត្តសម្តេចតេជោTYDA កាលពីល្ងាចថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៥ នាកីឡដ្ឋានកងយោពលខេរភូមិន្ទ(ស្តាតចាស់) ម្សិលមិញនេះ ត្រូវបានបញ្ចប់ទៅដោយមិត្តភាពសាមគ្គីភាព ផ្ដល់ស្នាមញញឹមឲ្យគ្នាទៅវិញទៅមក ដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានយកឈ្នះលើក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្នុងលទ្ធផលបច្ចេកទេស ២ទល់០។

ក្រោយចប់ការប្រកួត លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលបានរៀបចំឡើងមកនេះ ក្នុងគោលបំណងរួមចំណែកបំផុសផ្សព្វផ្សាយអំពីយុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីប្រមូលថវិកាជួយទៅដល់មន្ទីរពេទ្យគុន្ធបុប្ផា ដែលជាមន្ទីរសង្រ្គោះកុមារដោយឥតគិតថ្លៃ។

លោក គុជ ឆៃយ៉ា បានបន្តទៀតថា ការបំផុសផ្សព្វផ្សាយអំពីយុទ្ធនាការ១ម៉ឺនរៀម១ម៉ឺននាក់ គឺជាបេសកម្មដ៏ចម្បងមួយរបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជួយដល់សង្គមជាតិ ដ្បិតពួកយើងទាំងអស់គ្នាជាពិធីករកីឡា ដែលការផ្សព្វផ្សាយអំពីកម្មវិធីសប្បុរសធម៌ជួយដល់សង្គមជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា មានន័យថា ការងារជួយសង្គមយើងជាកោសិការកៀគរនិងផ្សព្វផ្សាយ។

ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក៏បានបញ្ជាក់អំពីបេសកម្មការបន្ទាប់ថា បន្ទាប់ពីយុទ្ធនាការ១ម៉ឺរៀល១ម៉ឺននាក់នេះ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នឹងរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌និងកម្មវិធីបរិច្ចាគឈាម មួយទៀត នៅខេត្តសៀមរាបដោយគ្រោងរៀបចំនៅថ្ងៃទី១៩ និងទី២០ ខែ មីថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមប្រធានបទយើងរួមគ្នាផ្តល់ឈាម សៀមរាបផ្ទះខ្ញុំ៕