កាលពីថ្ងៃសៅរ៍ ទី31 ខែឧសភា បេសកជនរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានច្រានចោលសំណើរបស់ក្រុមហាម៉ាសចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមនេះ ទាមទារការកែប្រែផែនការ។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា ខ្លួនសុខចិត្តដោះលែងចំណាប់ខ្មាំងដែលនៅរស់រានមានជិវិតចំនួន 10 នាក់ និងប្រគល់សាកសពចំណាប់ខ្មាំងដែលស្លាប់ចំនួន 18 នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលកំពុងជាប់ឃុំនៅអ៊ីស្រាអែល។ ក្រុមហាម៉ាស់ក៏បានអះអាងជាថ្មីនូវការទាមទារឲ្យបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា ជាលក្ខខណ្ឌដែលអ៊ីស្រាអែលបានច្រានចោល។ គួរបញ្ជាក់ផងដែរថា ប្រសិនបើព្រមព្រៀងគ្នា សំណើនេះ នឹងបង្កើតឲ្យមានបទឈប់បាញ់រយៈពេល 60 ថ្ងៃ និងការផ្លាស់ប្តូរចំណាប់ខ្មាំង 28 នាក់ក្នុងចំណោមចំណាប់ខ្មាំង 58 នាក់ដែលនៅសេសសល់នៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ 1200 នាក់ រួមជាមួយនឹងការអនុញ្ញាតឲ្យបញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់។