កីឡាករ កីឡាការិនីហាប់គីដូកម្ពុជាបានឈ្នះមេដាយសរុប ២៣គ្រឿង គឺមេដាយមាស៤គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង នៅក្នុងការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូណេស៊ី រយៈពេល២ថ្ងៃ ពីថ្ងៃ១៤-១៥ ខែមិថុនា ឆ្នាំ២០២៥។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានប្រាប់ពីប្រទេសឥណ្ឌូណស៊ីមកថា ពេលនេះការប្រកួតបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតប្រជែងរយៈពេល២ថ្ងៃ ហើយជាលទ្ធផល គឺអត្តពលិកហាប់គីដូកម្ពុជាដណ្តើមបានមេដាយសរុប ២៣គ្រឿង ក្នុងនោះថ្ងៃទី១ គឺកម្ពុជាដណ្តើមបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ៧គ្រឿង ហើយនៅក្នុងការប្រកួតថ្ងៃទី២ ដែលជាថ្ងៃបិទបញ្ចប់ គឺអត្តពលិកហាប់គីដូកម្ពុជាបានបន្តយកឈ្នះមេដាយបន្ថែម ១២គ្រឿងទៀត ក្នុងនោះ មេដាយមាស ៣គ្រឿងមេដាយប្រាក់ ៤គ្រឿង មេដាយសំរឹទ្ធ ៥គ្រឿង សរុបទាំងពីរថ្ងៃ គឺមេដាយចំនួន ២៣គ្រឿង។

ចំពោះមេដាយមាសចំនួន ៤គ្រឿងរបស់កម្ពុជាដណ្តើមបានដោយកីឡាករ សុខុន សីហនុត មេដាយមាសលើវិញ្ញាសាប្រយុទ្ធ-៣៥គីឡូក្រាម, កីឡាការិនី គង់ម៉ូណា ដាយអាណា មេដាយមាសលើវិញ្ញាសាលោតចម្ងាយ, កីឡាការិនី គង់ម៉ូណា ជេសស៊ីកា មេដាយមាស លើវិញ្ញាសាលោតចម្ងាយ និងកីឡាករ ភិន មុន្នីរតន៍ មេដាយមាសលើវិញ្ញាសាលោតចម្ងាយ។

នេះជាសមិទ្ធផលថ្មីមួយទៀតរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ដែលបានបញ្ជូនអត្តពលិកចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ដែលបង្ហាញពីគុណភាពខ្ពស់របស់កីឡាករ កីឡាការិនីហាប់គីដូកម្ពុជា ដែលខិតខំហ្វឹកហាត់ និងពន្លឿនផែនការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក អត្តពលិកជម្រើសជាតិនៃសហព័ន្ធកីឡាជាតិមួយនេះ។

គួរបញ្ជាក់ថា ការប្រកួតកីឡាហាប់គីដូ ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៥មាន៨ប្រទេសចូលរួម ហើយសហព័ន្ធកីឡាហាប់គីដូកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីសរុប១១នាក់៕