នៅសាលប្រជុំអគាររដ្ឋបាល មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បើកកិច្ចប្រជុំស្តីពីការពង្រឹងលើការងាររៀបចំចងក្រងគណៈកម្មការចាប់គូប្រចាំស្ថានីយទូរទស្សន៍នីមួយៗ និងការងារដឹកនាំគ្រប់គ្រងការប្រកួតកីឡា ប្រដាល់គុនខ្មែរប្រចាំសប្តាហ៍។

ឯកឧត្តម ខូវ ឆាយ គូសបញ្ជាក់ថា ការចាប់គូកីឡាករ កីឡាការិនីច្រើននាក់មកពីក្លឹបតែមួយបែបនេះនឹងធ្វើឱ្យបាត់បង់នូវតម្លាភាព របស់បណ្តាក្លឹបប្រដាល់គុនខ្មែរផ្សេងៗទៀត។ ដូច្នេះសហព័ន្ធតាក់តែងលក្ខន្តិកៈសម្រាប់ការចាប់គូឱ្យមានតម្លាភាព ទោះមិនបានស្មើគ្នា ក៏អាចប្រហាក់ប្រហែលគ្នាដែរ ក្នុងការផ្តល់ឱកាសដល់បណ្តាក្លឹបនានាចូលរួមអភិវឌ្ឍធនធានកីឡាករ កីឡាការិនីជាមួយក្លឹបផ្សេងៗ។ ការអនុវត្តនូវលក្ខន្តិកៈចាប់គូកីឡាករ កីឡាការិនីតែ១ក្លឹប ឬត្រឹមតែ២ក្លឹបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថានីយទូរទស្សន៍មួយចំនួន ប៉ុន្តែសហព័ន្ធសុំការយោគយល់ ដោយសារតែគោលការណ៍នេះនឹងជួយដល់ដំណើរការអភិវឌ្ឍរួមរបស់វិស័យកីឡាប្រដាល់គុនខ្មែរទាំងមូល ដែលនឹងជួយឱ្យក្លឹបនានាបានរស់រាន និងជួយពង្រឹងគុណភាពរបស់កីឡាករ កីឡាការិនីតាមបណ្តាក្លឹបនានាឱ្យបានរីកចម្រើនទាំងអស់គ្នា។

បន្ថែមពីលើនេះ ឯកឧត្តម ខូវ ឆាយ បន្ថែមថា ដើម្បីឱ្យការចាប់គូកាន់តែល្អ ដូច្នេះសហព័ន្ធកីឡាប្រដាល់គុនខ្មែរត្រូវធ្វើការរួមគ្នាជាមួយស្ថានីយទូរទស្សន៍ជាដៃគូអភិវឌ្ឍន៍នានាឱ្យបានស៊ីជម្រៅ ដោយសហព័ន្ធនឹងចាត់តាំងតំណាងម្នាក់របស់សហព័ន្ធទៅធ្វើការជាមួយទូរទស្សន៍មួយ ដើម្បីឱ្យត្រូវតាមគោលការណ៍របស់សហព័ន្ធតែម្តង។ ជាការគោលការណ៍មិនអនុញ្ញាតមានការចាប់គូមកពីក្លឹបតែមួយលើសពី៣គូ ក្នុង១សប្តាហ៍នោះឡើយ ហើយលក្ខខណ្ឌនេះតម្រូវឱ្យស្ថានីយទូរទស្សន៍មួយចាប់គូប្រកួតឱ្យមានកីឡាការិនីម្នាក់ ឬយុវជនថ្នាល់ម្នាក់ ក្នុង១សប្តាហ៍ ដោយនេះជាកាតព្វកិច្ចតែម្តង។ កន្លងមកគ្រាន់តែជាការស្នើសុំរបស់សហព័ន្ធប៉ុណ្ណោះ ប៉ុន្តែមិនបានដាក់បញ្ជូលទៅក្នុងភាពជាកាតព្វកិច្ចនោះឡើយ។ យ៉ាងណាចាប់ពីពេលនេះតទៅ សហព័ន្ធបានសម្រេចដាក់បញ្ជូលករណីចាប់គូឱ្យមានគូកីឡាការិនី១គូ ឬយុវជនថ្នាល១គូ ក្នុង១កម្មវិធីប្រកួត ហើយប្រសិនបើមិនមានការរៀបចំការប្រកួតបែបនេះទេ នោះសហព័ន្ធនឹងមិនអនុញ្ញាតឱ្យមានការប្រកួតនោះឡើយ។

ជាមួយគ្នានេះ សហព័ន្ធក៏ពង្រឹងលើគោលការណ៍មួយចំនួនទៀត ដើម្បីពង្រឹងវិន័យនៅតំបន់បច្ចេកទេសនៃការប្រកួត ដូចជាអ្នកចូលរួមឱ្យទឹក ការគ្រប់គ្រងអ្នកសារព័ត៌មាន ការចូលរួមផ្សេងៗដែលមិនប៉ះពាល់ដល់តំបន់បច្ចេកទេស មិនប៉ះពាល់ដល់ការងាររបស់មន្ត្រីអាជ្ញាកណ្តាល ចៅក្រម និងកីឡាករ កីឡាការិនីដែលកំពុងប្រកួតជាដើម។ ទាំងអស់នេះ ដើម្បីពង្រឹងដល់វិន័យ ការគ្រប់គ្រងការប្រកួតឱ្យមានលក្ខណៈល្អប្រសើ ដោយសហព័ន្ធត្រូវឱ្យមានការយល់ និងការចូលរួមទាំងអស់គ្នាពីដៃគូអភិវឌ្ឍន៍ទាំងអស់៕