បវរកញ្ញាដែលធ្លាប់តំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ កាលពីឆ្នាំ ២០២៣ នៅក្នុងកម្មវិធី Miss Global កញ្ញា លក្ខណ៍ មុនីអានីតា ហាក់មិនសូវមានការបង្ហាញមុខនៅក្នុងវិស័យសិល្បៈខ្លាំងនៅឡើយទេ។ ដ្បិតថាមិនសូវជាបង្ហាញមុខនៅក្នុងវិស័យសិល្បៈក្តី ក៏បវរកញ្ញារូបនេះ ក្តោបបានឱកាសសំដែងនៅក្នុងខ្សែភាពយន្តភាគមួយ ក្នុងតំណែងជាតួឯកស្រី និងត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកផងដែរ។ យ៉ាងណាមិញបើតាមការឱ្យដឹងពីស្រីស្រស់រូបនេះបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ខ្លួនពិតជាចង់វិលត្រលប់មកកាន់វិស័យប្រកួតសម្រស់ម្តងទៀត ក៏ព្រោះតែ អានីតា សង្កេតឃើញថា វិស័យប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នហាក់មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។ ប៉ុន្តែការដែលមិនទាន់ហក់ចូលវិស័យមួយនេះម្តងទៀត ក៏ព្រោះតែបវរកញ្ញាខាងលើ បាននឹងកំពុងក្រេបជញ្ជក់យកចំណេះដឹងនៅមហាវិទ្យាល័យ ដែលបច្ចុប្បន្នកំពុងសិក្សានៅឆ្នាំទីពីរ ផ្នែក Fashion Design។ អានីតា បន្តថា ក្រោយពេលបញ្ចប់ការសិក្សាពីថ្នាក់មហាវិទ្យាល័យ ប្រាកដណាស់ នាងនឹងចូលប្រកួតបវរកញ្ញាសារជាថ្មីជាក់ជាពុំខាន។

មិនត្រឹមតែមានរូបសម្រស់ដ៏ស្រស់សោភា គួបផ្សំនឹងចំណេះដឹងដ៏ទូលំទូលាយប៉ុណ្ណោះទេ លក្ខណ៍ មុនីអានីតា ក៏បានស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈអង្គការលើកស្ទួយប្រជាពលរដ្ឋ ឬហៅកាត់ថា PIO ផងដែរ។

គួររំលឹកផងដែរថា លក្ខណ៍ មុនីអានីតា ធ្លាប់ត្រូវបានតែងតាំងជា Miss Global Cambodia 2023 នឹងត្រូវបានតំណាងប្រទេសនៅក្នុងកម្មវិធី Miss Global 2023 ដែលសហម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតគឺជាប្រទេសវៀតណាម និងកម្ពុជា។ ហើយប្រជាប្រិយភាពរបស់បវរកញ្ញារូបនេះ កាន់តែល្បីបន្ទាប់ពីបានប្រកួតសម្រស់នៅក្នុងកម្មវិធីខាងលើ ដោយទទួលបានតំណែងកំពូល Top 13៕