កណ្តាល៖
ជនសង្ស័យចំនួន០៤នាក់ ត្រូវសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួននៅ២ទីតាំងផ្សេងគ្នាក្នុងថ្ងៃតែមួយ ករណីរក្សាទុកនិងជួញដូរនូវសារធាតុញៀន (ម៉ាទឹកកក) ដោយខុសច្បាប់ ដែលទីតាំងទី០១ កាលពីវេលាម៉ោង ០២និង៤០នាទីឆ្នាំ២០២ ស្ថិតនៅផ្លូវលំ ក្នុងភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ។ ទីតាំងទី០២ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅវេលាម៉ោង ១០និង៣០នាទីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៥ នៅចំណុច ចុងព្រែកពោធិ ភូមិព្រែកពោធិ ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា÷ ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ÷១ /ឈ្មោះ ស្រស់ ពេទ្យ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈ០២ឆ្នាំ ០២ខែ ពីបទ លួចម៉ូតូ ។
០២/ ឈ្មោះ មាន ដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ។ ០៣/ឈ្មោះ រដ្ឋា ម៉ានុត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ។ ០៤ - ឈ្មោះ សេន សុខហេង ភេទប្រុសអាយុ ២២ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។
ចំពោះវត្ថុតាងដកហូត រួមមាន៖ សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០២កញ្ចប់តូចទម្ងន់សរុប ១,២២ ក្រាម , ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FL-8296 , ទូរសព្ទ័ដៃចំនួន ០១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ បានសារភាពថាថ្នាំញៀនដែលសមត្ថកិច្ច ឆែករកឃើញនោះ គឺពិតជារបស់ពួកខ្លួនប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
