ពោធិ៍សាត់ ៖
លោក សេង សុងលី នាយខណ្ឌរដ្ឋបាលជលផលស្ដីទី នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសហការកម្លាំងព័ន្ធ ចេញល្បាតត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(ជលផល) ខណៈទឹកបឹងទន្លេសាប(កំពង់លួង)ហក់ឡើង ។
លោកនាយខណ្ឌរដ្ឋជលផលស្ដីទី ឲ្យដឹងថា ករណីកម្លាំងសហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបឧបករណ៍ចាប់ត្រីខាងលើ ធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក បញ្ជាក់ទៀតថាលទ្ធផល៖ បង្រ្កាប ១ករណី (របាំងសាច់អួនខុសប្រវែង និងក្រឡា) ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ ដែលជាវត្ថុតាង ចំនួន០៣ខ្សែ ស្មើនិងប្រវែង៧៥០ម៉ែត្ត លូកងសាច់អួនចំនួន០៤មាត់ បង្គោលចម្រឹងចំនួន៦០ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ(បឹងទន្លេសាប)វិញទម្ងន់០៥គីឡូក្រាម ។
លោក បញ្ជាក់បន្ថែមទៀតថា រដូវនេះ ជារដូវបិទនេសាទ ដើម្បីឲ្យត្រីពងកូន ដូច្នេះទិសដៅបន្ត មន្ត្រីជំនាញនិងក្រុមងារសហការចុះពិនិត្យ ទប់ស្កាត់និងបង្រ្កាបឲ្យដូចភ្លៀងរលឹម ខណៈទឹកទន្លេកំពុងហក់ឡើង កម្ពស់ទឹក នៅស្ថានីយជលសាស្រ្ត កំពង់លួង០.៨៧ម៉ែត្រ ៕