ប្រធានសាជីវកម្មថាមពលនុយក្លេអ៊ែររបស់រុស្ស៊ីបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី19 ខែមិថុនាថា ការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រថាមពលនុយក្លេអ៊ែរ ប៊ុស្សា(Bushehr) របស់អ៊ីរ៉ង់ នឹងបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ បន្ទាប់ពីអ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលបានវាយលុកទីតាំងនេះ។ ប៊ុស្សា គឺជារោងចក្រថាមពលនុយក្លេអ៊ែរដែលដំណើរការតែមួយគត់របស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានសាងសង់ដោយប្រទេសរុស្ស៊ី ខណៈដែលលោកប្រធានាធិបតីរុស្ស៊ី ពូទីន បានបញ្ជាក់ថា អ៊ីស្រាអែលបានសន្យាជាមួយរុស្ស៊ីថា បុគ្គលិករបស់ទីក្រុងមូស្គូ ដែលកំពុងសាងសង់រោងចក្រនុយក្លេអ៊ែរបន្ថែម នៅទីតាំងនេះ នឹងមានសុវត្ថិភាព។ តែយ៉ាងណាមិញ យោងតាមប្រធានសាជីវកម្មនុយក្លេអ៊ែររុស្ស៊ី បានបានព្រមានថា ស្ថានការណ៍ជុំវិញរោងចក្រនេះ គឺពោរពេញដោយហានិភ័យ ព្រមទាំងប្រកាសជម្លៀសអ្នកឯកទេសរបស់ខ្លួនមួយចំនួនចេញពីតំបន់។