អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយ DJ Soda ចេញមករៀបរាប់រឿងរ៉ាវនៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីជួបហេតុការណ៍ដ៏អាក្រក់នៅហាងសាឡនមួយកន្លែង ដែលបានធ្វើឱ្យសក់របស់នាងឆេះដាច់ដុំៗ បន្ទាប់ពីធ្វើការ Bleach សក់។
នៅក្នុងការបង្ហោះនោះ DJ Soda បានឱ្យដឹងថា ក្រោយពីបញ្ចប់ដំណើរកម្សាន្ត នាងបានត្រលប់ទៅប្រទេសកូរ៉េខាងត្បូងវិញ ដោយតាំងចិត្តថានឹងផ្លាស់ប្តូរស្ទីលជានារីសក់ Blonde ម្តងទៀតដូចកាលពី ៣ ឆ្នាំមុន ព្រោះចង់ពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួន ប៉ុន្តែទោះបីជាប្រើប្រាស់សេវាកម្មនៅហាងចាស់ដែលនាងធ្លាប់ទុកចិត្តកន្លងមកក៏ដោយ ក៏ការលាបពណ៌សក់លើកនេះបែរជាជួបរឿងខកបំណងយ៉ាងធ្ងន់ធ្ងរ។
នាងបន្តថា សរសៃសក់របស់នាងមានសភាពរឹងមាំខ្លាំង ព្រោះផ្អាកការលាបពណ៌សក់ ៣ ឆ្នាំមកហើយ ប៉ុន្តែដោយការធ្វេសប្រហែសរបស់ហាងបានធ្វើឱ្យនាងត្រូវបង្ខំចិត្តកោរសក់នៅផ្នែកខាងក្រោយនិងផ្នែកចំហៀងស្ទើរតែទាំងស្រុង។ ពេលនេះសរសៃសក់ដែលនៅសេសសល់ប្រហែលជា ៣ មិល្លីម៉ែត្រ នឹងនៅតែបន្តជ្រុះជាបន្តបន្ទាប់ទៀត រហូតមិនអាចតសក់បាននោះទេ។
នាងបន្តទៀតថា ពេលនេះនាងត្រូវប្រើសក់ដែលនៅសល់ដើម្បីបិតបាំងនៅត្រង់បរិវេណដែលគ្មានសក់។ ដោយឡែក រហូតមកដល់ពេលនេះ នាងនៅតែមានអារម្មណ៍ថាខូចចិត្ត ព្រមទាំងបានផ្តាំផ្ញើទៅកាន់អ្នកគាំទ្ររបស់ខ្លួនយ៉ាងដូច្នេះថា ការលាបពណ៌សក់ត្រូវអាស្រ័យលើទឹកដៃរបស់ជាងដ៏ប៉ិនប្រសព្វ ហាមប្រមាទ គួរសិក្សានិងជ្រើសរើសជាងដែលមានជំនាញច្បាស់លាស់ទៅលើការលាបពណ៌សក់ ព្រោះមិនចង់ឱ្យមានការសោកស្តាយដូចនាង៕