ចាត់ទុកថាជាព័ត៌មានរសើប និងបានសាងភាពភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកស្នេហាវិស័យ K-Pop ដោយកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ មានការជូនដំណឹងពីបណ្តាញសារព័ត៌មានកូរ៉េថា តារាចម្រៀងនិងសម្តែង លោក អ៊ីន ជីវ៉ន (Eun Ji-won) សមាជិកក្រុម សេចស្គី (SECHSKIES) នឹងរៀបចំពិធីមង្គលការជាលើកទី២ ជាមួយនារីក្រៅរង្វង់សិល្បៈម្នាក់ ដែលពួកគេនឹងថត Pre- Wedding ជាមួយគ្នាឆាប់ៗនេះ និងមានគម្រោងរៀបការនៅក្នុងឆ្នាំនេះផងដែរ។

យ៉ាងណាមិញ បើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យឱ្យផលិតកម្ម YG Entertainment បានចេញមកបញ្ជាក់ព័ត៌មានខាងលើយ៉ាងដូច្នេះថា “អ៊ីន ជីវ៉ន (Eun Ji-won) នឹងថត Pre- Wedding ឆាប់ៗខាងមុខនេះ និងមានគម្រោងរៀបចំពិធីមង្គលការនៅក្នុងឆ្នាំនេះយ៉ាងសាមញ្ញ ជាលក្ខណៈគ្រួសារនិងអញ្ជើញតែមិត្តភក្រស្និទ្ធស្នាលប៉ុណ្ណោះ”។

គួរឱ្យដឹងថា អ៊ីន ជីវ៉ន (Eun Ji-won) ដែលជាសមាជិករបស់ក្រុម សេចស្គី (SECHSKIES) ធ្លាប់បានចូលរោងការម្តងរួចមកហើយកាលពីខែមេសា ឆ្នាំ២០១០ មុនពេលលែងលះជាមួយអតីតភរិយារបស់គាត់នៅ ២ ឆ្នាំបន្ទាប់។ ទោះជាយ៉ាងនេះក្តី អ្នកគាំទ្ររបស់លោក ក៏បានជូនពរ និងផ្តល់ក្តីស្រឡាញ់ទៅដល់ការរៀបចំអាពាហ៍ពិពាហ៍របស់ពួកគេឆាប់ៗខាងមុខនេះផងដែរ៕