កាលពីថ្ងៃទី ២ ខែមិថុនា កន្លងទៅ ផលិតកម្ម ហ្វេនថេជា (Fantagio) ទីភ្នាក់ងាររបស់ អាស្ត្រូ (ASTRO) បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយថា ជិនជិន (Jin Jin) ត្រូវបានលើកលែងចូលបម្រើក្នុងជួរទាហានក្រោយពេលពិនិត្យឃើញមានបញ្ហាសុខភាព។ នៅក្នុងខ្លឹមសាររបស់ទីភ្នាក់ងាររបស់តារាចម្រៀងរូបនេះបានឱ្យដឹងថា ជិនជិន (Jin Jin) ដែលជាសមាជិកក្រុម អាស្ត្រូ (ASTRO) ត្រូវបានគេពិចារណាថា មិនស័ក្តិសមសម្រាប់ការបំពេញភារកិច្ចក្នុងជួរទាហាននោះទេ បន្ទាប់ពីមានការពិនិត្យសុខភាពរួចពីទីស្នាក់ការគ្រប់គ្រងកម្លាំងយោធា បានរកឃើញថា តារាប្រុសរូបនេះមានបញ្ហាសុខភាពទាក់ទងនឹងប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី។
តាមការបញ្ជាក់បន្ថែមរបស់ទីភ្នាក់ងារបានបន្តឱ្យដឹងថា បើទោះបីជាសុខភាពរបស់តារាប្រុសរូបនេះ មិនបានផ្តល់ផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែ ជិនជិន ចាំបាច់ត្រូវតែទៅត្រួតពិនិត្យនិងតាមដានអាការៈសុខភាពនៅមន្ទីរពេទ្យយ៉ាងខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ បើតាមការផ្តល់យោបល់របស់ពេទ្យបានឱ្យដឹងថាផងដែរថា ការចូលបម្រើការក្នុងជួរទាហានក្នុងសភាពបែបនេះ រាប់ទុកថាជារឿងដ៏លំបាកមួយសម្រាប់ ជិនជិន ដូច្នេះហើយ ទើប តារាចម្រៀង ជិនជិន ទទួលបានករណីលើកលែងការបំពេញតួនាទីក្នុងជួរទាហានតាមច្បាប់កំណត់។
យ៉ាងណាមិញ សម្រាប់ ជិនជិន ខណៈពេលនេះនៅតែអាចបន្តផ្តល់ភាពសប្បាយរីករាយទៅឱ្យបណ្តាអ្នកគាំទ្ររបស់ខ្លួនបានដដែល តាមរយៈការសម្តែងល្ខោន និងការប្រគុំតន្ត្រី ឌឹ ហ្វស អាស្ត្រូ ស្តាហ្ក្រាហ្វី (The 4th ASTROAD [Stargraphy]) ដែលនឹងធ្វើឡើងនៅថ្ងៃទី ៧-៨ ខែមិថុនា នេះ នៅ អ៊ីនស្ប៉ាយអឹ អារ៉េណា (Inspire Arena) ៕