ភ្នំពេញ៖ 

រថយន្តម៉ាក ford ranger មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតឡើងសួនផ្លូវទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម បណ្ដាលឲ្យបាក់ ចំណែកឯរថយន្ត ខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤:៥៥នាទីទៀបភ្លឺថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦អា សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយ ចង្វារ រាជធានីភ្នំពេញ ។ 

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្តម៉ាក ford ranger ពណ៌ស មួយគ្រឿងពាក់ ផ្លាកលេខភ្នំពេញ 2BZ-8079 តាមបណ្តោយផ្លូវលេខ៦អា ទិសដៅពីជើងមិត្បូងក្នុងល្បឿនលឿន។

លុះមកចំណុចផ្លូវ កោង បានជ្រុលចង្កូតឡើងខឿនសួនច្បារពុះចែក រួចបន្តទៅបុកបង្គោលផ្លាកប៉ាណូ ផ្សាយពាណិជ្ជកម្ម ចំនួនមួយដើម បាក់រលំ ចំណែករថយន្ត ក្រឡាប់ មួយជុំ។ ភ្លាមនោះដែរ តៃកុងរថយន្តក៏ បានលូនចេញពីក្នុងកាប៊ីន មកចេញមកក្រៅដោយសុវត្ថិភាពមិនបង្កឲ្យគ្រោះថ្នាក់នោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅ ពេលក្រោយ ៕