ភ្នំពេញ៖ 

ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ មិនត្រូវបានដកថយនោះឡើយ។ នៅពេលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច បង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទព្រំដែន ជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។

គណៈកម្មការនេះ មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន អមដោយអនុប្រធានចំនួន៥រូបរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន, លោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ។

ក្រៅពីប្រធាន និងអនុប្រធានដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលហើយ នោះ គណៈកម្មការនេះ មានសមាជិកចំនួន៩រូបផ្សេងទៀត រួមមាននាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា ការយកវិវាទព្រំដែនជាមួយ ប្រទេសថៃនៅតំបន់ទាំង៤ខាងលើ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចប់វិវាទ ព្រំដែលរវាងប្រទេសទាំងពីរដែលបន្សល់ទុករាប់រយឆ្នាំមកហើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា តុលាការយុត្តិធម៌អន្តរជាតិសម្រេច យ៉ាងណា ក៏កម្ពុជាទទួលយកផងដែរ។

សូមបញ្ជាក់ថា កម្ពុជា ធ្លាប់បានលើកយកវិវាទទឹកដីជាមួយថៃ ប្តឹងទៅតុលាការយុត្តិធម៌ អន្តរជាតិចំនួនពីរលើក ហើយទទួលបានជោគជ័យទាំងពីរលើកផងដែរ។ លើកទី១នៅឆ្នាំ១៩៦២ ហើយលើកទី២នៅឆ្នាំ២០១៣ ពេលថៃចូលមកឈ្លានពាន ប្រាសាទព្រះវិហារ និងទឹកដីនៅតំបន់នោះ៕