មន្ត្រីអាជ្ញាកណ្តាល ចៅក្រមកីឡាតេក្វាន់ដូ ITF កម្ពុជាទទួលបានការបណ្តុះបណ្តាល ដើម្បីត្រៀមដឹកនាំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងបន្ថែមថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធ ដើម្បីបំពាក់បំប៉នបន្ថែមជូនដល់មន្ត្រីអាជ្ញាកណ្តាល ចៅក្រមកម្ពុជានូវអ្វីដែលយើងធ្លាប់បានបណ្តុះបណ្តាល នាពេលកន្លងមក ដែលជាការរម្លឹកឡើងវិញនូវបទបញ្ជាការប្រកួត របៀបប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងការផ្តល់ពិន្ទុសម្រាប់ការប្រកួតរបស់កីឡាករ កីឡាការិនីលើទីលានប្រកួត។
ឯកឧត្តម បួន ហ៊ីងសុធីយ៉ា បានគូសបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តលចៅក្រម តេក្វាន់ដូ ITF មានអ្នកគ្រូ លី សុខឆេង អនុប្រធានគណៈកម្មការអាជ្ញាកណ្តាលទ្វីបអាស៊ី មកពីប្រទេសម៉ាឡេស៊ី បានមកបង្រៀនវគ្គអាជ្ញាកណ្តាល និងចៅក្រម និងការប្រើប្រាស់ប្រព័ន្ធដាក់ពិន្ទុអេឡិចត្រូនិក សម្រាប់ការត្រៀមប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៏ លើកទី២ ឆ្នាំ២០២៥។ ចំពោះចៅក្រម អាជ្ញាកណ្តាល និងអ្នកបច្ចេកទេសកម្ពុជាមានចំនួន ២៥នាក់ សម្រាប់ត្រៀមរៀបចំដឹកនាំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកទី២។
គួរបញ្ជាក់ថា សម្រាប់ការរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញមានប្រទេសចូលរួមសរុប ៧ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា ខណៈប្រតិភូ អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ កីឡាការិនី សរុបប្រមាណ ២០០នាក់៕