ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែ មីថុនា ឆ្នាំ២០២៥នេះ កីឡាករកីឡាការិនីកម្ពុជា បាននិងកំពុងបន្តឈ្នះមេដាយជាបន្តបន្ទាប់ ដោយគិតមកត្រឹមម៉ោង១១.៣០នាទី មេដាយកម្ពុជាដណ្តើមបានមានចំនួនរហូត៣២គ្រឿង មេដាយមាស ១៣គ្រឿង ប្រាក់ ១៥គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង ពីការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ខណៈលទ្ធផលបណ្ដោះអាសន្ន កម្ពុជាឈរនៅក្នុងចំណាត់ថ្នាក់លេខ១ក្នុងចំណោម៦ប្រទេស។



តាមរយៈលទ្ធផលដ៏ត្រចះត្រចង់នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បញ្ជាក់នូវការគាំទ្រ និងកោតសរសើរ ដល់ កីឡាករ កីឡាការិនីទាំងអស់ ដែលបានជ្រើសរើសយកកីឡាតេក្វាន់ដូ ITF ស្របតាមចំណងចំណូលចិត្តសម្រាប់ការហ្វឹកហាត់កាយសម្បទារបស់ខ្លួនផង ព្រមទាំងឈានដល់ការប្រកួតបង្ហាញសមត្ថភាពជាលក្ខណៈអន្តរជាតិផង។

ឯកឧត្តម បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម កែវ រ៉េមី ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសហការីទាំងអស់។

ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា៖ “ រសៀលនេះខ្ញុំនឹងចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយខ្ញុំសូមយកឱកាសនេះ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា” ៕