ឯកឧត្តម ហ៊ឹម រីដា គ្រូបង្វឹកអន្តរជាតិខ្សែក្រវាត់ខ្មៅ៦ដាន់ អគ្គលេខាធិការរង សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានគូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ គឺកម្ពុជាដាក់គោលដៅច្បាមយកឱ្យបានមេដាយក្នុងចន្លោះ ៤៥% ឬ ៥០% នៃចំនួនមេដាយមាសសរុប ១៤៥វិញ្ញាសា។

 ថ្លែងក្នុងបទសម្ភាសន៍ ឯកឧត្តម ហ៊ឹម រីដា បានលើកឡើងថា ក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជាកំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ចាប់ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមកម្ពុជាមានដូចជាឈុតU13 U15 U17 និងឈុតធំ ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតលើកទី២ ឆ្នាំ២០២៥នេះ។

ឯកឧត្តមអគ្គលេខាធិការរងរូបនេះសង្កត់ធ្ងន់ថា បណ្តាប្រទេសចូលរួមនានាប្រហែលជាអាចផ្តោតសំខាន់លើឈុត U17 ច្រើនជាងគេ ដោយសារតែប្រទេសចូលរួមទាំងនោះធ្លាប់ដឹងថា ឈុតU17របស់កម្ពុជា គឺខ្លាំង។ កត់សម្គាល់បន្ធែមពីលើនេះ ឯកឧត្តម ហ៊ឹម រីដា លើកឡើងថា ការប្រកួតជើងឯកពិភពលោក កន្លងទៅ ដែលធ្លាប់ប្រកួតគ្នានោះ គឺមានប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ដែលមានអត្តពលិកឈានមុខគួរសម្យ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រទេសម៉ាឡេស៊ីត្រៀមអត្តពលិកប្រហែល ៤០នាក់ចូលរួមប្រកួត នៅកម្ពុជា ឆាប់ៗនេះ។