កាលពីថ្ងៃទី ១១ ខែមិថុនា កន្លងទៅថ្មីៗនេះ ទីស្នាក់ការព័ត៌មាន យនហាប់ (Yonhap) បានធ្វើការរាយការណ៍មួយថា ជីមីន (Jimin) និង ជុងគុក (Jungkook) តារាចម្រៀងនៅក្នុងក្រុម BTS ដ៏ពេញនិយម បានរំសាយចេញពីយោធាកូរ៉េខាងត្បូងហើយ បន្ទាប់ពីបំពេញកាត្វកិច្ចនៅក្នុងជួរទាហានអស់រយៈពេល ១៨ ខែ។

នៅថ្ងៃរំសាយក្រុមនេះ មានបណ្តាអ្នកគាំទ្រ បានធ្វើការរង់ចាំការវិលត្រលប់ ព្រមទាំងទះអបអរសាទរ ដល់ពួកគេយ៉ាងកក់ក្តៅផងដែរ នៅសួនកីឡាសាធារណៈ យ៉នឆន (Yeoncheon) ខេត្ត គ្យុងគី (Gyeonggi) ដែលមានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រនៅភាគខាងជើងរបស់ទីក្រុងសេអ៊ូល។

យ៉ាងណាមិញ កាលពីថ្ងៃទី ១០ ខែមិថុនា កន្លងទៅ សមាជិកពីរនាក់ទៀតរបស់ BTS ដែលមានដូចជា RM និង V ក៏ទើបតែរំសាយចេញពីយោធាដូចគ្នាដែរ។ ដូចនេះសមាជិកដែលបាននឹងកំពុងបំពេញកាត្វកិច្ចនៅក្នុងជួរទាហានគឺនៅសល់តែ ស៊ូហ្គា (SUGA) ប៉ុណ្ណោះ ប៉ុន្តែតារាប្រុសនេះ ក៏នឹងត្រូវរំសាយចេញពីយោធានៅថ្ងៃទី ២១ ខែមិថុនា ឆាប់ៗខាងមុខនេះផងដែរ។

គួររំលឹកដែរថា ក្រោយពេលរំសាយចេញពីយោធាកូរ៉េខាងត្បូងក្នុងកងពលតូចកាំភ្លើងធំទី៥ របស់ ជីមីន (Jimin) និង ជុងគុក (Jungkook) បានសាងភាពភ្ញាក់ផ្អើល និងរំភើបដល់បណ្តាអ្នកគាំទ្រ Army នៅទូទាំងពិភពលោក ដែលពួកគេបាននឹងកំពុងរង់ចាំយ៉ាងអន្ទះសានៃការជួបជុំសមាជិកទាំងអស់របស់ BTS ម្តងទៀតក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ៕