ថ្មីៗកន្លងទៅនេះ មានព័ត៌មានកំពុងផ្ទុះកក្រើកពេញបណ្តាញសង្គម ក្រោយពេលមានអ្នកលេងអ៊ីនធឺណិតម្នាក់ចេញមកនិយាយបកអាក្រាតបងប្រុសរបស់ ជីស៊ូ សមាជិកក្រុម BlackPink ថា “ខ្លួនត្រូវបានបងប្រុសរបស់នាងលួចថតពេលកំពុងរួមភេទជាមួយគ្នា”។ អ្នកបង្ហោះរូបនេះបានឱ្យដឹងបន្តថា ខ្លួនបានមានសម្ព័ន្ធផ្លូវភេទជាមួយបងប្រុសតារាចម្រៀងស្រីខាងលើ នៅផ្ទះរបស់បងប្រុសនាងផ្ទាល់តែម្តង និងបានលួចថតដោយគ្មានការព្រមព្រៀងគ្នាឡើយ។
នៅក្នុងការបង្ហោះនោះបន្តថា បងប្រុសរបស់ជីស៊ូមិនត្រឹមតែបានលួចថតវីដេអូទុកនោះទេ គេថែមទាំងបានបង្ហាញវីដេអូឃ្លីបនោះទៅកាន់មនុស្សក្បែរខ្លួនគេថែមទៀត។ មិនតែប៉ុណ្ណោះ បងប្រុសរបស់តារាចម្រៀងស្រីរូបនេះ ថែមទាំងបានរក្សាទុកវីដេអូលើគ្រែជាមួយមនុស្សស្រីជាច្រើននាក់ផ្សេងទៀត ព្រមទាំងអះអាងថា គេធ្លាប់មានសម្ព័ន្ធភាពជាមួយមនុស្សស្រីជាច្រើនស្របពេលតែមួយផងដែរ។ លើសពីនេះ ខណៈពេលដែលប្រពន្ធរបស់បងប្រុស ជីស៊ូ កំពុងពរពោះ គេក៏បានឱ្យមនុស្សផ្សេងទៀតផ្ញើវីដេអូទាំងនោះទៅកាន់ប្រពន្ធរបស់ខ្លួនទៀតផង។
យ៉ាងណាមិញ បើទោះបីជាការបង្ហោះនោះត្រូវបានលុបទៅហើយក្តី ប៉ុន្តែត្រូវបានអ្នកលេងបណ្តាញសង្គមថតទុក នឹងចែករំលែកបន្តយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ បង ប្រុសរបស់ជីស៊ូ ក៏បានចេញមកផ្តល់បទសំភាសន៍ជាមួយបណ្តាញសារព័ត៌មានកូរ៉េដោយបានបដិសេធការមូលបង្កាច់ទាំងនោះ ថា គឺជារឿងមិនពិត និងកំពុងដំណើរការតាមផ្លូវច្បាប់ ដើម្បីប្តឹងអ្នកបង្ហោះការចោទប្រកាន់នោះ ពីបទបរិហារកេរ្តិ៍ និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ ចំណែកឯ ទីភ្នាក់ងាររបស់ជីស៊ូ នៅមិនទាន់ផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែម នៅអំឡុងពេលនេះនោះទេ។
គួរឱ្យដឹងថា បងប្រុសរបស់ជីស៊ូ ចាប់ផ្តើមមានមហាជនស្គាល់កាន់តែច្រើននៅចុងឆ្នាំ ២០២៣ បន្ទាប់ពីមានការរាយការណ៍មួយថាគេមានតួនាទីក្នុងការជួយចាត់តាំងក្រុមហ៊ុន BLISSO ដែលជាទីភ្នាក់ងារផ្ទាល់ខ្លួនរបស់ជីស៊ូ បន្ទាប់ពីសមាជិកក្រុម BLACKPINK ចាប់ផ្តើមចែកផ្លូវគ្នា។ ដោយឡែកកាលពីពេលថ្មីៗនេះ មានការអះអាងថា បច្ចុប្បន្នបងប្រុសរបស់ជីស៊ូ គឺគ្មានតំណែងអ្វីទាំងអស់នៅក្នុងផលិតកម្ម BLISSOO នោះទេ៕