កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ អ្នកនាំពាក្យឱ្យផលិតកម្ម អាយអ៊ីយូអេម ហាសធែក (IEUM HASHTAG) បានឱ្យដឹងថា កុងត្រាពិសេសរវាងផលិតកម្ម និង តារាសម្តែងស្រី ជុន ជីយ៉ុន (Jun Ji Hyun) បានអស់កុងត្រាជាមួយគ្នាហើយ។ ចំណែកឯកុងត្រាថ្មី គឺមិនបានបន្តជាមួយគ្នាទៀតនោះដែរ។

ជុន ជីយ៉ុន (Jun Ji Hyun) បានចុះកុងត្រាជាមួយ អាយអ៊ីយូអេម ហាសធែក (IEUM HASHTAG) កាលពីឆ្នាំ ២០២២ និងបានរួមការងារជាមួយគ្នារហូតដល់ទៅ ៣ ឆ្នាំឯណោះ មុននឹងសម្រេចចិត្តចែកផ្លូវគ្នាជាផ្លូវការ។

ស្របពេលជាមួយគ្នានេះ ជុន ជីយ៉ុន (Jun Ji Hyun) បានត្រៀមនឹងបញ្ចេញស្នាដៃក្នុងរឿងថ្មីរបស់ខ្លួន គឺរឿង ថេមភីសថ៍ (Tempest) ដែលនឹងចេញផ្សាយនៅលើ ឌីសនីយ៍ ផ្លឹស (Disney+) ឆាប់ៗខាងមុខនេះ។

គួរឱ្យដឹងថា ជុន ជីយ៉ុន (Jun Ji Hyun) ចាប់ផ្តើមមានឈ្មោះបោះសំឡេងខ្លាំងនៅទូទាំងពិភពលោកតាមរយៈខ្សែភាពយន្តរឿង សង្សារខ្ញុំជាមនុស្សភពផ្កាយ ដែលសម្តែងរួមគ្នាជាមួយ គីម សូយ៉ន់ (Kim Soo-hyun)៕