មានការរាយការណ៍មួយថាតារាបង្ហាញម៉ូត គីម ជុងស៊ុក (Kim Jong-seok) វ័យ ២៩ ឆ្នាំ បានបាត់បង់ជីវិតភ្លាមៗ ដោយយោងតាមការចុះផ្សាយព័ត៌មានក្នុងស្រុកគឺបានទទួលដំណឹងដ៏អាក្រក់មួយនេះពីមិត្តភ័ក្រជិតស្និទ្ធដែលបានបង្ហោះសាររំលែកទុក្ខ ព្រមជាមួយរូបភាពនៅលើបណ្តាញសង្គម។

គីម ជុងស៊ុក (Kim Jong-seok) ចាប់ផ្តើមចូលក្នុងវិស័យសិល្បៈនៅអំឡុងឆ្នាំ ២០១៤ និងមានមហាជនស្គាល់ទូលំទូលាយតាមរយៈកម្មវិធី ស្គីប ឌីថែកធីវ ឡើប (SKIP: Detective Love) ដែលបានចាក់ផ្សាយនៅឆ្នាំ ២០២២។ យ៉ាងណាមិញកាលពីពេលថ្មីៗកន្លងទៅ តារាប្រុសរូបនេះ បានបង្ហោះរូបថតរបស់ខ្លួនពាក់អាវធំពណ៌ខ្មៅ នៅលើបណ្តាញសង្គម ស្រ៊ីត (Threads) ព្រមជាមួយសារខ្លីមួយ បង្កការភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្រជាខ្លាំង និងមិននឹកស្មានថារូបភាពដែលបានបង្ហោះនោះគឺជារូបភាពចុងក្រោយរបស់គេនោះឡើយ។

ដោយឡែក ក្រោយពេលព័ត៌មាននៃការចាកចេញរបស់តារាម៉ូដែលរូបនេះត្រូវបានផ្សព្វផ្សាយ បណ្តាមិត្តរួមអាជីព និងអ្នកគាំទ្របានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខផងដែរ ។ ទោះបីជាមានការផ្សព្វផ្សាយពីដំណឹងនៃការស្លាប់ភ្លាមៗរបស់ គីម ជុងស៊ុក (Kim Jong-seok) ក្តី ក៏នៅមិនទាន់មានការបង្ហាញជាសាធារណៈពីមូលហេតុដែលបណ្តាលឱ្យគេបាត់បង់ជីវិតនៅឡើយទេ។

គួរឱ្យដឹងថា ពិធីបុណ្យសពរបស់ គីម ជុងស៊ុក (Kim Jong-seok) នឹងធ្វើឡើងជាលក្ខណៈឯកជននៅទីក្រុងឈុនឈឹន ដែលមានតែសមាជិកគ្រួសារ និងមិត្តជិតស្និទ្ធប៉ុណ្ណោះដែលអាចចូលរួមបាន៕