យោធាសហរដ្ឋអាមេរិក នឹងដាក់ពង្រាយទាហានម៉ារីនប្រមាណ 700 នាក់ជាបណ្ដោះអាសន្នទៅកាន់ទីក្រុង ឡូសអេនជឺលែស (Los Angeles) ដើម្បីឆ្លើយតបទៅនឹងការធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ភាពតានតឹងបានផ្ទុះឡើងចាប់តាំងពីលោកប្រធានាធិបតី ត្រាំ បានបញ្ជារឲ្យបង្រ្កាបក្រុមបាតុកររាប់រយនាក់ដែលប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងទៅនឹងការចុះបង្រ្កាបជនអន្តោប្រវេសន៍នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាកាលពីចុងសប្តាហ៍មុន។ កងកម្លាំងប៉ូលីសបានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ និងរថពាសដែក ដើម្បីបំបែកក្រុមបាតុកររាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅមជ្ឈមណ្ឌលឃុំឃាំងក្នុងទីក្រុង ឡូសអេនជឺលែស ជាកន្លែងដែលជនអន្តោប្រវេសន៍ត្រូវបានឃុំខ្លួន ស្របពេលដែលទាហានម៉ារីនប្រមាណ 700 នាក់នេះ នឹងត្រូវដាក់ពង្រាយដើម្បីទប់ទល់នឹងក្រុមបាតុករនៅក្នុងថ្ងៃទីបួននៃការតវ៉ា។