វេទិកាប្រកួតសម្រស់ដ៏អស្ចារ្យ និងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា កម្មវិធី Miss Cosmo Cambodia 2025 បានបញ្ចប់ទៅដោយជោគជ័យ នៅសាលមហោស្រពកោះពេជ្រ កាលពីល្ងាចថ្ងៃទី ៣០ ខែ ឧសភា កន្លងទៅ និងបានរកឃើញម្ចាស់ជ័យលាភីប្រចាំកម្មវិធីហើយ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេលជាច្រើនខែកន្លងមក គឺបានទៅលើ កញ្ញា ផន ស្រីពី លេខសម្គាល់ MCC 12។ ចាត់ទុកថា ជាការកែប្រែប្រវត្តិសាស្ត្រចាស់ កត់ត្រាប្រវត្តិសាស្ត្រថ្មី ដោយតាមការដឹង ផន ស្រីពី ទើបតែប្រលូកនៅក្នុងវិស័យនេះ ប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ពោលគឺធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2024 ដោយទទួលបានចំណាត់ថ្នាក់ត្រឹមលំដាប់រងទី ៥ ប៉ុណ្ណោះ។ ក្រោយពេលទទួលបានលទ្ធផលជាលំដាប់រងទី៥ ពីកម្មវិធីខាងលើ ស្រីពី ក៏ត្រូវបានម្ចាស់កម្មវិធីចាត់តាំងឱ្យទៅចូលរួមប្រកួតនៅក្នុងវេទិកា Miss Intercontinental 2024 នៅឯប្រទេសអេហ្ស៊ីប ដែលបានបើកទ្វារឱ្យកម្ពុជាជាលើកដំបូង អាចបោះជំហានចូលទៅកាន់ចំណាត់ថ្នាក់ Top 22។ ស្រីពី មិនមែនទើបតែសាងភាពលេចធ្លោនៅវគ្គផ្តាច់ព្រ័ត្រដែលទើបតែបញ្ចប់ទៅថ្មីៗនេះទេ កាលពីវគ្គប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ នាងបានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ហើយតាំងពីពេលនោះមក មហាជនបានចាប់ផ្តើមងាកមកចាប់អារម្មណ៍ស្រីពីជាបន្តបន្ទាប់។ យ៉ាងណាមិញ នៅវគ្គ Top 2 នៃវគ្គផ្តាច់ព្រ័ត្រ Miss Cosmo Cambodia 2025 ស្រីពីបានលើកយកការតស៊ូមតិ Woman Empowerment ទៅ debate តតាំងជាមួយកញ្ញា ប៊ី សុធារី ដែលមានការតស៊ូមតិដូចគ្នា។ យ៉ាងណាមិញ តាមរយៈការ Debate តតាំងគ្នាមួយទល់មួយនេះ ស្រីពី ទទួលបានសំឡេងស្រែកហ៊ោរកងរំពងពេញសាលនៃការប្រកួត និងអាចទាក់ចិត្តគណៈកម្មការនៅទីបំផុត រហូតបានវាយផ្តួលគូប្រកួត កញ្ញា ប៊ី សុធារី ក្លាយជាម្ចាស់មកុដបន្ទាប់ពីកញ្ញា អ៊ិន លក្ខិណា តែម្តង។
គួរឱ្យដឹងថា បន្ទាប់ពីបានឈ្នះមកុដក្នុងតំណែងជា Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី នឹងបន្តបេសកកម្មរបស់ខ្លួន ក្នុងការនាំយកឈ្មោះកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសវៀតណាម ក្នុងកម្មវិធី Miss Cosmo 2025៕