កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ លោក ណាវ៉ាត់ អ៊ីសារ៉ាក់ក្រៃស៊ីល ម្ចាស់ស្ថាប័ន Miss Grand International បានធ្វើការបង្ហោះសារមួយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្នុងនោះលោកបានធ្វើការប្រមាថដល់សេចក្តីថ្លៃថ្នូររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រៀបប្រដូចយុទ្ធសាស្ត្រនៃការដឹកនាំរបស់សម្តេច ថោកទាបជាងអាជីវករលក់ដូរនៅក្នុងផ្សារ។ យ៉ាងណាមិញ បន្ទាប់ពីធ្វើការបង្ហោះប្រមាណជាមួយម៉ោង សារខាងលើត្រូវបានលុបចេញភ្លាមៗផងដែរ។ ទន្ទឹមនឹងនេះ លោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះសារមួយនៅលើគណនេយ្យហ្វេសប៊ុករបស់លោក ព្រមជាមួយរូបភាព Screenshot និង រូបថតរបស់លោកណាវ៉ាត់ ដោយបានស្នើសុំឱ្យក្រសួងពាក់ព័ន្ធ ដែលបានអនុញ្ញាតឱ្យមានកម្មវិធី Miss Grand Cambodia នៅក្នុងប្រទេសកម្ពុជាម្តងទៀត ជួយយកចិត្តទុកដាក់ពិនិត្យមើលឡើងវិញ។ បន្ថែមពីនេះ លោកក៏បានចោទជាសំណួរសួរទៅកាន់អ្នកទិញកម្មវិធីនេះយកមកផលិតយ៉ាងដូច្នេះថា “ហេតុអ្វីមិនចេះឈឺចាប់ ស្របពេលដែលម្ចាស់កម្មវិធីរូបនេះហ៊ានដៀលថ្នាក់ដឹកនាំរបស់យើង”។
ជាមួយគ្នានេះ នៅលើហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់ទៀតដែរថា ទំព័រហ្វេសប៊ុក Miss Grand Cambodia ដែលទើបតែបង្កើតឡើងថ្មីៗនេះ ត្រូវបានលុបចេញបាត់ពីក្នុងបណ្តាញហ្វេសប៊ុកហើយដែរ៕
