នៅសល់ពេលតែមិនប៉ុន្មានខែទៀតប៉ុណ្ណោះ កញ្ញា ហានី ដែលជាម្ចាស់ជ័យលាភីលេខ១ ពីវេទិកាប្រកួតសម្រស់ Miss Queen Cambodia 2024 នឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួត Miss International Queen 2025 នៅប្រទេសថៃ។ ដោយឡែក កាលពីពេលថ្មីៗនេះ ម្ចាស់ជ័យលាភីលេខ ១ ពីវេទិកាប្រកួតសម្រស់ខាងលើ បានបញ្ចេញវីដេអូមួយរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកថា កញ្ញានឹងមិនបន្តការប្រកួតរបស់ខ្លួននៅលើឆាកអន្តរជាតិនោះទេ ក៏ព្រោះតែមួយរយៈពេលកន្លងមកនេះ ប្រទេសកម្ពុជា និងប្រទេសថៃ បានប្រឈមមុខដាក់គ្នានៅតាមជួរបន្ទាត់ព្រំដែន។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជា ទទួលបានការឈ្លានពាន និងរងការប្រមាទមាក់ងាយផ្សេងៗពីជនជាតិថៃមកលើប្រទេសកម្ពុជាផងដែរនោះ ទើបធ្វើឱ្យបវរកញ្ញាខាងលើ សម្រេចចិត្តបោះបង់ឱកាសមិនទៅចូលរួមប្រកួតតែម្តង។

ទន្ទឹមនឹងការ ប្រកាសជាមួយគោលជំហរពោរពេញដោយស្មារតីស្នេហាជាតិបែបនេះ កញ្ញា ហានី ទទួលបានការស្រឡាញ់ និងលើកសរសើរពីមនសិកាស្នេហាជាតិរបស់នាងជាខ្លាំង។

គួរឱ្យដឹងផងដែរ កម្មវិធី Miss International Queen 2025 ដែលធ្វើឡើងនៅប្រទេសថៃ និងត្រូវបានកញ្ញា ហានី បោះបង់សិទ្ធក្នុងការចូលរួមប្រកួតនេះ នឹងត្រូវធ្វើឡើងនៅអំឡុងខែកញ្ញាខាងមុខនេះហើយ៕