អាចនិយាយបានថា ខាត់ ស្រីចាន់ គឺជាសិល្បការិនីម្នាក់ ដែលមានឈ្មោះបោះសំឡេងយ៉ាងឆាប់រហ័សនៅក្នុងវិស័យសិល្បៈខ្មែរដ៏មិននឹកស្មាន។ ស្រីចាន់ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់តាមរយៈការប្រកួតនៅក្នុងកម្មវិធី បវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០។ បន្ទាប់ពីការប្រកួតនោះ បានកែប្រែជីវិតស្រីស្រស់រូបនេះស្ទើរតែទាំងស្រុង ដោយ ស្រីចាន់ ទទួលបានឱកាសការងារផ្សេងៗនៅក្នុងវិស័យសិល្បៈ ទាំងការដើរបង្ហាញម៉ូត ការសម្តែង និងពិធីការិនីជាដើម។ យ៉ាងណាមិញ កាលពីឆ្នាំ ២០២៤ ខាត់ ស្រីចាន់ បានងាកមកផលិតកម្មវិធីបវរកញ្ញាដោយខ្លួនឯង ដែលមានឈ្មោះថា Miss Mera Cambodia។
ក្រោយពេលបង្ហាញខ្លួន និងបញ្ចេញស្នាដៃក្នុងនាមជាអ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិក្នុងកម្មវិធីខាងលើបានដោយជោគជ័យ ស្រីចាន់ ក៏ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រផងដែរ។ ទន្ទឹមនឹងភាពការលើកសរសើរពីសំណាក់មហាជនទៅលើការរៀបចំ Miss Mera Cambodia 2024 ថ្មីៗនេះ ស្រីចាន់ បានទម្លាយប្រាប់នៅពីមុខអ្នកសារព័ត៌មានដោយមិនអៀនខ្មាស់ថា នៅក្នុងឆ្នាំ ២០២៥ នេះ កម្មវិធី Miss Mera Cambodia នឹងគ្មានការរៀបចំនោះទេ។ ស្រីស្រស់រូបនេះ បានបញ្ជាក់ពីមូលហេតុ ដែលធ្វើឱ្យគ្មានការរៀបចំកម្មវិធីប្រកួតសម្រស់យ៉ាងដូច្នេះថា ដោយសារខ្លួនចង់យកពេល ទៅរកលុយដើម្បីសងម្ចាស់បំណុល។ ការដែលធ្វើឱ្យខ្លួនជាប់បំណុលដូចនេះ ក៏ដោយសារចំណាយទៅលើការរៀបចំការប្រកួតសម្រស់មួយនេះ និងចង់ធ្វើកម្មវិធីឱ្យមានភាពស្តង់ដា ដូចប្រទេសជិតខាង ទើបមានការចំណាយអស់ច្រើន។ ស្រីចាន់ បន្តថា បច្ចុប្បន្នបំណុលដែលខ្លួនមានគឺនៅសល់ត្រឹមតែ ១៥ ០០០ ដុល្លារប៉ុណ្ណោះ។
ដ្បិតថា ទោះបីជាយ៉ាងនេះក្តី ខាត់ ស្រីចាន់ ដែលជាម្ចាស់កម្មវិធីក៏បានអះអាងដែរថា ខ្លួនបាននឹងកំពុងរៀបចំ Concept ថ្មី សម្រាប់ឆ្នាំ ២០២៦ និងហ៊ានធានាច្បាស់ៗតែម្តងថា នឹងមានអ្វីប្លែកសម្រាប់អ្នកគាំទ្ររបស់ខ្លួន នៅក្នុងកម្មវិធី Miss Mera Cambodia 2026 ជាក់ជាពុំខាន៕