កម្មវិធីប្រកួតសម្រស់ Miss & Mister Supranational សម្រាប់រដូវកាលឆ្នាំ ២០២៥ បាននឹងកំពុងប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញ។ នៅក្នុងឆ្នាំនេះបុរសឯក និងកញ្ញាឯកដែលតំណាងឱ្យកម្ពុជា គឺមានដូចជា លោក ហ៊ាប ស៊ាងហ៊ុយ និងកញ្ញា ឈុំ ចាន់ដារ៉ា។ តាមការសង្កេត កម្មវិធីប្រកួតសម្រស់អន្តរជាតិខាងលើ បាននឹងកំពុងធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីកម្មវិធីនេះ បានធ្វើការចាប់គូគេងរួមបន្ទប់ ដែលទាំងបុរសឯក និងកញ្ញាឯកកម្ពុជា សុទ្ធតែបានមិត្តរួមបន្ទប់ជាមួយ បុរសឯក កញ្ញាឯកមកពីប្រទេសវៀតណាម ពោលគឺ លោក ហ៊ាប ស៊ាងហ៊ុយ បានគេងរួមបន្ទប់ជាមួយលោក មីញ ខាក់ ង្វៀន (Minh Khac Nguyen) ចំណែកឯ កញ្ញា ឈុំ ចាន់ដារ៉ា បានគេងរួមបន្ទប់ជាមួយ កញ្ញា វ៉ូ កាវ ដ្វៀន (Vo Cao Duyen)។
ដែលនេះចាត់ទុកថាជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រវិស័យប្រកួតសម្រស់ និងអាចចាត់ទុកថាជាលើកទីមួយផងដែរ ដែលការចាប់គូគេងរួមបន្ទប់នៅក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិ ប៉ះគូប្រកួតមកពីប្រទេសតែមួយទាំងបុរសឯក និងកញ្ញាឯកបែបនេះ។
គួរឱ្យដឹងបន្ថែមថា កម្មវិធី Miss Supranational 2025 នឹងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ ។ ចំណែកឯកម្មវិធី Mister Supranational 2025 នឹងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ ។ ដូចនេះ កុំភ្លេចរង់ចាំទស្សនាដំណើរឆ្ពោះទៅដណ្តើមកុដរបស់ លោក ហ៊ាប ស៊ាងហ៊ុយ និង កញ្ញា ឈុំ ចាន់ដារ៉ា ដែលជាបុរសឯក កញ្ញាឯក តំណាងឱ្យប្រទេសកម្ពុជាយើងទាំងអស់គ្នា៕