កាលពីល្ងាចថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ បវរកញ្ញាឯកកម្ពុជា ដែលជាម្ចាស់ជ័យលាភីលេខមួយពីវេទិកាប្រកួតសម្រស់ Miss Supranational Cambodia 2025 កញ្ញា ឈុំ ចាន់ដារ៉ា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសប៉ូឡូញ ចូលរួមប្រកួតក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Supranational 2025។ ឈុំ ចាន់ ដារ៉ា ត្រូវបានគេដឹងថា ជាតារាសម្តែងស្រីដ៏មានកេរ្តិ៍ឈ្មោះ មុននឹងក្លាយជាម្ចាស់ជ័យលាភីក្នុងស្រុកពីកម្មវិធីប្រកួតសម្រស់ខាងលើ។
យ៉ាងណាមិញ មុននឹងចាកចេញដំណើរពីមាតុភូមិ ដើម្បីបំពេញបេសកកម្ម ប្រកួតប្រជែងដណ្តើមមកុដជាមួយបេក្ខនារីមកពីបណ្តាប្រទេសផ្សេងទៀត ដារ៉ា បានឱ្យដឹងថា នាងទទួលបានកម្លាំងចិត្តយ៉ាងធំធេងពីក្រុមគ្រួសារ អ្នករៀបចំកម្មវិធី និងជាពិសេសគឺអ្នកគាំទ្ររបស់ខ្លួនផ្ទាល់តែម្តង។ បវរកញ្ញាឯករូបនេះបន្តថា ខ្លួនមានការរំពឹងខ្ពស់ពីកម្មវិធីប្រកួតសម្រស់អន្តរជាតិមួយនេះ ក៏ព្រោះតែតាមការសង្កេតកន្លងមក ឃើញថា ការគាំទ្រមិនត្រឹមតែមាននៅក្នុងស្រុកប៉ុណ្ណោះទេ បើក្រឡេកទៅមើលអ្នកស្នេហាវិស័យប្រកួតសម្រស់នៅក្រៅប្រទេសឯណោះវិញ ក៏បានផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅដល់ស្រីស្អាតរូបនេះដូចគ្នាដែរ។ ដ្បិតថា ការទទួលតួនាទីដើម្បីតំណាងឱ្យកម្ពុជានៅលើកនេះ រាប់ទុកថាជាសម្ពាធមួយក្តី ក៏ ដារ៉ា នៅតែហ៊ានដាក់ការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសន្យាថាព្យាយាមធ្វើឱ្យបានល្អគ្រប់វិញ្ញាសានៃការប្រកួត ក៏ដើម្បីចង់បង្ហាញដល់គណៈកម្មាការឱ្យមើលឃើញពីសមត្ថភាពរបស់ស្ត្រីខ្មែររូបនេះ ថាក៏មានភាពអំណត់ខ្លាំងក្លាមិនចាញ់ប្រទេសដទៃនោះទេ។
គួរឱ្យដឹងថា នេះគឺជាឱកាសទីពីររបស់ កញ្ញា ឈុំ ចាន់ដារ៉ា នៅក្នុងកម្មវិធី Miss Supranational បន្ទាប់ពីខកខានការចេញដំណើរទៅប្រកួតនៅក្នុងឆ្នាំ ២០២៤ ដោយបញ្ហាទិដ្ឋាការ។ ដោយឡែកនៅក្នុងឆ្នាំ ២០២៥ នេះវិញ បន្ទាប់ពីទទួលបានទិដ្ឋាការដោយជោគជ័យ ដារ៉ា ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការចូលសមរភូមិ ដើម្បីដណ្តើមយកមកុដ Miss Supranational 2025 ជាមួយបេក្ខនារីមកពីប្រទេសនៅជុំវិញពិភពលោកផ្សេងទៀត ក្នុងនោះ ដារ៉ា បានត្រៀមខ្លួននាំយកវប្បធម៌អរិយធម៌ខ្មែរទៅបង្ហាញនៅក្នុងវគ្គប្រកួតឈុតតំណាងជាតិ ការបង្ហាញសមត្ថភាពពិសេស ការត្រៀមសំណួរចម្លើយ និងសកម្មភាពប្រចាំថ្ងៃផ្សេងៗជាដើម។ រង់ចាំតាមដាន និងចូលរួមលើកទឹកចិត្តដល់បេក្ខនារីតំណាងឱ្យប្រទេសកម្ពុជាទាំងអស់គ្នា តាមរយៈការ Comment ការ Like, Share និងសកម្មភាពផ្សេងៗទៀតដល់កញ្ញា ឈុំ ចាន់ដារ៉ា៕