កម្មវិធី Miss Supranational 2025 ដែលបាននឹងកំពុងធ្វើឡើងប្រទេសប៉ូឡូញ បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយកាលពីរាត្រីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥។ ជាមួយគ្នានេះ កញ្ញា ឈុំ ចាន់ដារ៉ា ដែលកំពុងតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងជាមួយបេក្ខនារីមកពីជុំវិញពិភពលោកជាង ៦០ ប្រទេស បានបង្ហាញសមត្ថភាពនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលកន្លងទៅថ្មីៗនេះ បានយ៉ាងល្អ រហូតមានការសរសើរពីសំណាក់អ្នកគាំទ្រនៅក្នុងស្រុក និងក្រៅស្រុកជាហូរហែ។

យ៉ាងណាមិញ ក្រោយពេលវគ្គប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ររួច ក៏នឹងមានវគ្គជាបន្តបន្ទាប់ដូចជា ការប្រកួតឈុតតំណាងជាតិ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាដើម។ ដោយឡែក កាលពីរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ នៅលើទំព័រហ្វេសប៊ុកផ្លូវការ Supranational Cambodia បានធ្វើការបង្ហោះរូបភាពនៃឈុតតំណាងជាតិដែល កញ្ញា ឈុំ ចាន់ដារ៉ា ត្រៀមយកទៅប្រកួតជាមួយបេក្ខនារីផ្សេងទៀត។ ឈុតតំណាងជាតិដែលត្រៀមនឹងបង្ហាញនេះមានឈ្មោះថា “របាំផ្កាមាសផ្កាប្រាក់” ដែលជាការតំឡើងមកដោយ អ្នកច្នៃឈុតតំណាងជាតិដ៏មានថ្វីដៃ គឺលោក ទឹកគ្រឿង។ 

បើតាមការឱ្យដឹងនៅលើទំព័រហ្វេសប៊ុក Supranational Cambodia ពីអត្ថន័យរបស់ឈុតនេះ គឺជា របាំស្តែងពីទេពនិករ ព្រះហស្តកាន់ផ្កាមាសផ្កាប្រាក់រេរាំអឺងកង ជាមង្គលសួស្តី។ របាំផ្កាមាសផ្កាប្រាក់ នេះនិយមសម្តែងនាពាលាធំៗនៃព្រះរាជពិធីគ្រងបរមសិរីរាជ្យសម្បត្តិ ព្រះរាជពិធីចំរើនព្រះជន្ម ហ្លួងម្ចាស់ផែនដី ឬ សម្តែងដើម្បីបើករោង ជាការបួងសួងជាដើម មានតាំងពីរាជ្យផែនដីព្រះករុណានរោត្ដមមកម្ល៉េះ។ របាំនេះតាមឃើញក្នុងឯកសារកុនរបស់របាំ ត្រង់ព្រះករុណាព្រះស៊ីសុវត្ថិទ្រង់ប្រពាន(ពពាន)ព្រះមហានគរធំ ឃើញមានក្រុមល្ខោនហ្លួងរាំរបាំផ្កាមាសផ្កាប្រាក់មានតួនាងរាំផងដែរ។ គ្រឿងប្រដាប់យោងតាមសម័យកណ្តាលអមនឹងបច្ចុប្បន្នដកស្រង់តាមលំនាំវង់ល្ខោនព្រះករុណានៃព្រះរាជាណាចក្រកម្ពុជា ដោយតួឈុតទាំងមូលបង្ហាញពីតួធំទាំងពីររួមមាន តួនាងនិងតួនាយរោង ដែលជាតួនៃរបាំផ្ទាល់។

ដូចនេះ បន្ទាប់ពីកញ្ញា ឈុំ ចាន់ដារ៉ា ដែលជាបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជាបានបង្ហាញឈុតតំណាងជាតិរួច នៅក្នុងកម្មវិធី Miss Supranational 2025 អ្នកគាំទ្រទាំងអស់របស់សោភារូបនេះ កុំភ្លេចចូលទៅលើកទឹកចិត្តដល់ ឈុំ ចាន់ដារ៉ា ឱ្យបានច្រើនកុះករ៕