ការប្រកួតសម្រស់ដ៏ចំណាស់នៅលើពិភពលោក កម្មវិធី Miss World លើកទី ៧២ ទើបតែបញ្ចប់ទៅថ្មីៗនេះទេ កាលពីរាត្រីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ដែលនៅក្នុងឆ្នាំនេះប្រទេសឥណ្ឌា ទទួលបានសិទ្ធិរៀបចំក្នុងការប្រកួត។ យ៉ាងណាមិញ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេលប្រហែលជាមួយខែកន្លងមកនេះ ក៏បានរកឃើញម្ចាស់ជ័យលាភីផងដែរ គឺបានទៅលើបវរកញ្ញាមកពីប្រទេសថៃ នាង អូប៉ល សុឆាតា (Opal Suchata) ដែលបានយកឈ្នះបេក្ខនារីក្នុងចំណោមជាង ១០០ ប្រទេសមកពីជុំវិញពិភពលោក។ នាងគឺជាស្ត្រីថៃដំបូងបង្អស់ដែលដណ្តើមបានមកុដដ៏មានគុណតម្លៃនិងកិត្យានុភាពមួយនេះ មកបានពីវេទិកាប្រកួតសម្រស់ខាងលើ បន្ទាប់ពីប្រទេសថៃបានបញ្ជូនបេក្ខនារីតំណាងប្រទេសទៅប្រកួតអស់ជាច្រើនឆ្នាំកន្លងមក។ Opal មានអាយុ ២២ ឆ្នាំ កម្ពស់ ១៨០ សង់ទីម៉ែត្រ កើតនិងធំធាត់នៅខេត្តភូកេត ក្នុងគ្រួសារប្រកបអាជីវកម្មសណ្ឋាគារ។ នាងអាចនិយាយបានរហូតដល់ទៅបីភាសារួមមាន ភាសាអង់គ្លេស, ចិន និងភាសាថៃដែលជាភាសាកំណើត។
គួរឱ្យដឹងថា អូប៉ល សុឆាតា (Opal Suchata) គឺជាអតីតបវរកញ្ញាធ្លាប់ឈ្នះការប្រកួតនៅក្នុងស្រុក ក្នុងកម្មវិធី Miss Universe Thailand 2024 និងបានចេញទៅប្រកួតនៅក្នុងកម្មវិធី Miss Universe លើកទី ៧៣ នៅប្រទេសម៉ិកស៊ិក ដោយទទួលបានតំណែងលំដាប់រងទី ៣ ផងដែរ។