បើនិយាយពីបេក្ខភាពកំពុងប្រកួតប្រជែងសម្រស់នៅក្នុងវេទិកាដែលបង្កើតឡើងដោយកូនខ្មែរ គឺ Mister Majestic Cambodia 2025 ច្បាស់ណាស់ថាមហាជនដែលស្ថិតនៅក្នុងវិស័យមួយនេះ នឹងនឹកឃើញដល់បេក្ខភាពឈ្មោះ ឡៃ រ៉ាថៃ ជាក់ជាពុំខាន។ លោក ឡៃ រ៉ាថៃ គឺជាបេក្ខភាពម្នាក់ដែលទទួលបានការរិះគន់ច្រើនជាងបេក្ខភាពដទៃផ្សេងទៀត ទៅលើរូបសម្រស់របស់លោក ថាមិនស័ក្តិសមនឹងវិស័យមួយនេះជាដើម។ យ៉ាងណាមិញក្រោយពេលមានការរិះគន់យ៉ាងចាស់ដៃដូចនេះ ស្រាប់តែមានបណ្តាអ្នកឧបត្ថមជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក បានទាក់ទងទៅកាន់ រ៉ាថៃ ជួយវះកាត់ទម្រង់មុខ និងឧបត្ថមទៅលើការប្រកួតផ្សេងៗជាដើម។ ជាមួយគ្នានេះ ឡៃ រ៉ាថៃ ក៏ធ្លាប់ត្រូវបានគ្លីនិកវះកាត់កែសម្ផស្សនៅប្រទេសវៀតណាម វះកាត់ប្តូរទម្រង់មុខឱ្យកាន់តែមានភាពស្រស់សង្ហាថែមមួយកម្រិតទៀតផងដែរ។ ដោយឡែកក្រោយពេលវះកាត់រួចដោយជោគជ័យ បេក្ខភាពរូបនេះ នៅតែទទួលបានការរិះគន់ដដែល ទៅលើភ្នែក ថានៅតែមានភ្នែកស្រលៀង។ ក្រោយពេលទទួលបានការរិះគន់បែបនេះ រ៉ាថៃ ត្រូវបានគ្លីនិកភ្នែកនៅភ្នំពេញមួយកន្លែងទាក់ទងទៅវះកាត់ភ្នែកបានដោយជោគជ័យកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងមានការជួយជ្រោមជ្រែងយ៉ាងច្រើនបែបនេះ ឡៃ រ៉ាថៃ ក៏បានធ្វើការអរគុណទៅកាន់កម្មវិធីប្រកួតសម្រស់ Mister Majestic Cambodia ដែលបានបង្កើតកម្មវិធីនេះឡើងមក។ កម្មវិធីនេះមិនត្រឹមតែជាកម្មវិធីប្រកួតសម្រស់តែមួយមុខនោះទេ ប៉ុន្តែក៏ជាកម្មវិធីដែលអាចកែប្រែវាសនារបស់លោកបានមួយចំណែកផងដែរ។ រ៉ាថៃ ថា បើគ្មានកម្មវិធី Mister Majestic Cambodia ទេ ក៏គ្មានមហាជនបានស្គាល់រូបលោកនោះដែរ។ 

ដ្បិតថា បច្ចុប្បន្ននេះ លោកបានផ្លាស់ប្តូរយ៉ាងច្រើនទៅលើទម្រង់មុខ និងរូបរាងក្តី ប៉ុន្តែបេក្ខភាពរូបនេះ នៅតែរក្សាឆន្ទៈរបស់ខ្លួនដដែល ពោលគឺការមកប្រកួតនៅក្នុងកម្មវិធីនេះ ដើម្បីធ្វើជាសារសំឡេងលើកទឹកចិត្តទៅកាន់មនុស្សដែលមានជំងឺបាក់ទឹកចិត្ត ឱ្យមានភាពរឹងមាំដូចជារូបលោក ដែលទោះបីជាត្រូវគេមើលងាយ រិះគន់យ៉ាងណា ក៏លោកនៅតែអាចរក្សាជំហរដ៏រឹងមាំនេះបាន ព្រោះចង់បង្ហាញឱ្យមនុស្សជំនាន់ក្រោយ ឃើញលោកគឺជាគំរូរ៕

គួរបញ្ជាក់ដែរថា វេទិកាប្រកួតសម្រស់ Miss & Mister Majestic Cambodia 2025 កាន់តែកៀកខិតជិតមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែមិថុនាខាងមុខនេះ។ ចង់ដឹងថា បេក្ខភាព ឡៃ រ៉ាថៃ អាចមានឱកាសគ្រងតំណែងជាបុរសឯកលេខមួយប្រចាំកម្មវិធីនេះបានដែរឬទេ? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕