ភ្នំពេញ៖ 

រថយន្តNISSAN NAVARA មួយគ្រឿង អ្នកបើកបរ បើកលឿន សង្ស័យស្រវឹងបានបើកជ្រុលបុករថយន្តម៉ាកLANCRUISER បណ្តាលឲ្យខ្ទាតទៅផ្លូវម្ខាងនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង៥០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ភ្នំពេញហាណូយ កែងផ្លូវ ឧកញ៉ាម៉ុងរិទ្ធី ចំណុចស្តុប២៤ម៉ោង ដែលស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក LANCRUISER  បើកតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។ លុះបើកមកដល់ចំណុចកើតហេតុនៅស្តុបបំបែកជាបួន ក៏ស្រាប់តែឃើញរថយន្ដម៉ាក NISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា IM-KETYA បើកក្នុងល្បឿនយ៉ាងលឿន បើកតាមបណ្តោយផ្លូវ សម្តេចជាស៊ីម ក្នុងទិសដៅពីលិចទៅកើតឆ្ពោះទៅផ្លូវឧកញ៉ាម៉ុងរិទ្ធី ដោយមិនបានជាន់ហ្វ្រាំង ក៏ជ្រុលទៅបុករថយន្ត ម៉ាក LANCRUISER ពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទាតទៅផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងសងខាង ដោយរថយន្តម៉ាកLANCRUISER រងការខូចខាតផ្នែកខាងស្ដាំ ចំណែករថយន្ត NISSAN NAVARA វិញ រងការខូចខាតផ្នែកខាងមុខ ។ 

ប្រភពព័ត៌មានដដែល បានបន្តទៀតថាខណៈគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបររថយន្តម៉ាក NISSAN NAVARA មិនព្រមចុះពីរថយន្តឡើយ ហើយ បានទាក់ទងទៅតំណាងមកជួយដោះស្រាយភ្លាមៗ។ បន្ទាប់មក ភាគីខាងរថយន្តNISSANNAVARA បានសំរប សំរួលជាមួយរថយន្តម៉ាក LANCRUISER នៅកន្លែងកើតហេតុភ្លាមៗ តែការខូចខាតធ្ងន់ធ្ងរពេក ភាគីទាំងសងខាងដោះស្រាយមិនត្រូវឡើយ ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខភ្លាមៗ ដើម្បីធ្វើការវាស់វែងនិងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយថ្ងៃក្រោយ៕