ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានអំពាវនាវដល់យុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមអនុវត្ត និងផ្សព្វផ្សាយយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ជាមួយនឹងការបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត”។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីមានប្រសាសន៍បែបនេះក្នុងពិធីបើកកម្មវិធីអបអរសាទរខួបលើកទី១៣១ទិវាអូឡាំពិកនៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ នាទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្ដមប្រមុខ NOCC សង្កត់ធ្ងន់ថា ចលនាទាំងនេះជាការជំរុញដើម្បីទទួលបាន សុខភាពល្អទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយ គុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងភាពធន ក៏ដូចជាបង្កើតមូលដ្ឋានអត្តពលិក យុវជន-ថ្នាលប្រកបដោយគុណវុឌ្ឍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី និងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា។

គួរដឹងដែរថា Olympic Day គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកនៃ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭក គុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំជារៀងរាល់ឆ្នាំដែរ។ ការប្រារព្ធទិវាអូឡាំពិកនៅថ្ងៃទី ២២ ខែមិថុនា នេះក៏ជាការអបអរខួប អូឡាំពិក នៅថ្ងៃទី ២៣ ខែមិថុនា ផងដែរ។ 

សម្រាប់ការប្រារព្ធទិវាអូឡាំពិកនៅកម្ពុជាឆ្នាំនេះ មានការចូលរួមពី សិស្សានុសិស្ស ចំនួន ៤០០នាក់ មកពី វិទ្យាល័យឫស្សីកែវ ២០០នាក់ និងវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ២០០នាក់ បូករួមទាំងក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិ ១០០នាក់ ទៀតសរុប ៥០០នាក់។ ក្រៅពីបានស្ដាប់ការចែករំលែកបទពិសោធពីរៀមច្បងអត្តពលិកអូឡាំពិកកម្ពុជា និងប្រវត្តិនៃចលនាអូឡាំពិក សិស្សានុសិស្សបានចូលរួមលេងកីឡាកម្សាន្ដសប្បាយ (Fun Run) និងប្រភេទកីឡាអូឡាំពិកផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ក៏ដូចជាបានទស្សនាសារមន្ទីរអូឡាំពិកទៀតផង៕