ភ្នំពេញ៖ លោក Mattew McConkey អតីតគ្រូជំនួយ ក្លាយជាគ្រូបង្វឹកថ្មីរបស់ ព្រះខ័នរាជស្វាយរៀង ក្រោយការចាកចេញរបស់លោក Pep ។
នេះជាលើកដំបូងសម្រាប់លោក Mattew McConkey សញ្ញាតិ អៀរឡង់ខាងជើង លោកកាន់អាជ្ញាប័ណ្ណ UEFA A Licence ជាអតីតជាគ្រូជំនួយរបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលត្រូវបានតែងតាំងជាគ្រូបង្គោល ក្រោយរួមរស់ជាមួយក្លិបរយៈពេលប្រមាណជាង៤ឆ្នាំ ។
គួររំលឹកថា ជាការពិតមុនការចាកចេញរបស់លោក Pep បានធ្វើឲ្យក្លិប ក៏ដូចជាអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង ដ្បិតគេទទួលស្គាល់ពីសមត្ថភាព និងយុទ្ធសាស្ដ្រនៃការដឹកនាំក្រុមដ៏ខ្លាំងរបស់លោក រហូតឈ្នះជើងឯកលីគកំពូលកម្ពុជា ២សម័យជាប់គ្នា ហើយឈ្នះជើងឯក និងជើងឯករងពានសម្ដេចតេជោ ហ៊ុន សែន សម្រាប់ ២រដូវកាលចុងក្រោយទៀតផង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្សល់នូវកំណត់ត្រាប្រវត្តិសាស្ដ្រមួយសម្រាប់ក្លិប មុនចាកចេញ គឺការជួយស្វាយរៀង ទទួលបានជើងឯករង នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 កាលពីថ្មីៗ។
យ៉ាងណាក្រោយទទួលបានជោគជ័យជាច្រើន ក្នុងការដឹកនាំក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង ២រដូវកាលកន្លងមក លោកក៏សម្រេចចិត្តចាកចេញ ហើយក្លិបក៏គោរពតាមការសម្រេចចិត្តនេះផងដែរ ហើយក្លិបក៏ជ្រើសរើសបានគ្រូបង្វឹកថ្មីរួចរាល់ ដើម្បីបន្ដដឹកនាំក្រុមត្រៀមធ្វើការប្រកួត ទាំងក្នុង និងក្រៅប្រទេស សម្រាប់រដូវកាលថ្មី ខាងមុខ ដោយក្លិបនឹងធ្វើការប្រកាសជាផ្លូវការ នៅរសៀលថ្ងៃទី៣ ខែមិថុនានេះ។