វីដេអូឡើងសម្តែងនៅប្រទេសម៉ាឡេស៊ីរបស់អ្នកនាង ទេព បូព្រឹក្ស កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ នៅក្នុងកម្មវិធី Round Festival បានធ្វើឱ្យមហាជនជាច្រើនរំភើប និងមានមោទនភាពជាខ្លាំង។ តាមការឱ្យដឹងនាពេលកន្លងមក នេះគឺជាឆាកដំបូងរបស់តារាចម្រៀងស្រីរូបនេះ ដែលបានទៅសម្តែងនៅលើឆាកការប្រគុំតន្ត្រីអន្តរជាតិ។ ដ្បិតថាជាលើកដំបូងក្តី បូព្រឹក្ស មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាមហាជនមានការខកបំណងចំពោះខ្លួនឡើង ដោយការសម្តែងនេះ បូព្រឹក្ស បានច្បិចយកសិល្បៈវប្បធម៌ខ្មែរដ៏ផូរផង់ទៅសម្តែងរួមគ្នានៅលើឆាកតន្ត្រីសម័យមួយនេះ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ព្រមទាំងទទួលបានសំឡេងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងពីអ្នកទស្សនាផ្ទាល់តែម្តង។ នេះចាត់ទុកថា ជាមោទនភាពសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ដែលលើសពីការប្រគុំតន្ត្រី ក៏មានការបញ្ចូលនូវការសម្តែងសិល្បៈបុរាណខ្មែរមួយចំនួនដូចជា របាំអប្សរា របាំមុនីមេខលា ល្ខោនខោល និងល្បុក្កតោ។
ក្រោយបញ្ចប់ការប្រគុំតន្ត្រី Round Festival នៅម៉ាឡេស៊ី អ្នកនាង ទេព បូព្រឹក្ស ក៏បានឱ្យដឹងថា ភាពជោគជ័យនេះ មិនមែនជាភាពជោគជ័យរបស់អ្នកនាតែម្នាក់នោះឡើយ គឺជាភាពជោគជ័យរបស់អ្នកទាំងអស់គ្នា។ បូព្រឹក្ស បន្តដោយមោទនភាពថា អ្វីដែលធ្វើឱ្យការប្រគុំតន្ត្រីនេះនៅតែឋិតនៅក្នុងការចងចាំរបស់មហាជន គឺការរួមបញ្ជូលគ្នារវាងសិល្បៈបុរាណ និង សម័យ ដែលមានភាពពិសេសជាងតារាចម្រៀងមកពីប្រទេសដទៃ និង មានតែមួយនៅលើឆាកតន្ត្រីនេះជាដើម៕