ជាការពិតណាស់ កាលពីរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ លោក AB Vanna ដែលជាអ្នកគ្រប់គ្រងថ្មីរបស់កម្មវិធី Miss Planet Cambodia សម្រាប់ឆ្នាំ២០២៥ នេះ បានធ្វើសន្និសីទសារព័ត៌មានស្តីពីការតែងតាំងបេក្ខនារីមួយរូបតំណាងឱ្យកម្ពុជាត្រៀមប្រកួតនៅលើវេទិកា Miss Planet International 2025 ។ ក្នុងនោះ កញ្ញា ស៊ីតនី ម៉ារិទ្ធ (Sydney Marith) ដែលជាម្ចាស់ជ័យលាភីលំដាប់រងទី១ ពីការប្រកួត Miss Supranational Cambodia 2025 ត្រូវបានម្ចាស់ស្ថាប័នខាងលើតែងតាំងជា Miss Planet Cambodia 2025 ផងដែរ។ បវរកញ្ញារូបនេះត្រូវបានគេដឹងថាជាកូនកាត់ខ្មែរអាមេរិក មានវ័យត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានតំណែងថ្មីក្នុងនាមជាបវរកញ្ញាតំណាងប្រទេសបែបនេះ មហាជនអ្នកគាំទ្រ ជាពិសេសបងប្អូនដែលស្នេហាវិស័យប្រកួតសម្រស់ បានសម្តែងការសាទរដល់ស្រីស្អាតរូបនេះផងដែរ។
ស៊ីដនី ម៉ារិទ្ធ មិនត្រឹមតែជាបវរកញ្ញាកូនកាត់ដ៏មានរូបសម្រស់ស្រស់សោភានោះទេ បើក្រឡេកទៅចាប់អារម្មណ៍ការប្រើប្រាស់ភាសាអង់គ្លេសរបស់នាងវិញ ឃើញថា នាងប្រើប្រាស់បានយ៉ាងល្អស្ទើរតែគ្មានកំហុសឆ្គងនោះឡើយ។
គួរឱ្យដឹងថា នេះគឺជាលើកដំបូងបំផុតនៅក្នុងវិស័យប្រកួតសម្រស់របស់កូនកាត់ខ្មែរអាមេរិក កញ្ញា ស៊ីដនី ម៉ារិទ្ធ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មហាជនបានដាក់ក្តីរំពឹងយ៉ាងមុតមាំថា បវរកញ្ញាវ័យ១៩ឆ្នាំរូបនេះ នឹងអាចមានឱកាសឈានទៅកាន់តំណែងកំពូលណាមួយរបស់កម្មវិធី Miss Planet International 2025 ដែលនឹងមកដល់ឆាប់ៗខាងមុខនេះជាក់ជាពុំខាន៕