ថ្មីៗនេះ មានសារព័ត៌មានកូរ៉េមួយបានចុះផ្សាយថា តារាសម្តែងជួរមុខរបស់ប្រទេសកូរ៉េខាងត្បូង នាង យ៉ូ អ៊ីនណា (Yoo In-na) ត្រៀមខ្លួនចុះកុងត្រាជាមួយផលិតកម្មថ្មី គឺផលិតកម្ម ឆ-រ៉កប៊ែម អេនថឹថេនម៉ឹនថ៍ (Chorokbaem Entertainment) ដែលជាផលិតកម្មគ្រប់គ្រងតារាសម្តែងដ៏ថ្មីសន្លាងមួយ និងស្ថិតនៅក្រោមការមើលថែរបស់ផលិតកម្ម ឆ-រ៉កប៊ែមមេឌៀ (Chorokbaem Media)។ ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ បានធ្វើឱ្យអ្នកគាំទ្ររបស់នាង ជាពិសេសអ្នកតាមដានវិស័យ K-Drama មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមុននឹងចុះកុងត្រាជាមួយផលិតកម្មថ្មីនេះ នាងបានជ្រកក្រោមផលិតកម្ម YG Entertainment តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។
បើតាមការឱ្យដឹង នាងបង្ហើបថា ការដែលនាងសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្មថ្មី ក៏ព្រោះតែចង់ពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងទៅលើផ្នែកផ្សេងៗដូចជា ការសម្តែង កម្មវិធីកម្សាន្ត និងកម្មវិធីផ្សេងៗទៀតជាដើម។ យ៉ាងណាមិញផលិតកម្ម Chorokbaem ដែលនាងបានចុះកុងត្រាជាមួយនេះ បាននឹងកំពុងប្រមូលផ្តុំតារាសម្តែងតារាល្បីៗជាច្រើន ក្នុងនោះមានដូចជា ហាន់ ជីយ៉ុន (Han Ji Hyun) និង លី សាំងអ៊ី (Lee Sang Yi) ជាដើម។
គួរឱ្យដឹងបន្ថែមថា មុននឹង យ៉ូ អ៊ីនណា (Yoo In-na) សម្រេចចិត្តចាកចេញពីទ្រនំដែលខ្លួនបានជ្រកអស់ ១៩ ឆ្នាំមកនេះ ក៏ដោយសារតែកន្លងមក ផលិតកម្ម YG Entertainment ធ្លាប់បានប្រកាសថា នឹងដកខ្លួនចេញពីការគ្រប់គ្រងតារាសម្តែង ដើម្បីផ្តោតទៅលើឧស្សាហកម្មតន្ត្រីជំនួសវិញ៕