តារាសម្តែងដែលមានទេពកោសល្យដ៏អស្ចារ្យ ហ្ស៊ាវ លូស៊ឺ (Zhao Lusi) ថ្មីៗនេះបានអង្រួនឧស្សាហកម្មកម្សាន្តចិន ដោយបានក្លាយជាសិល្បករដំបូងនិងតែមួយគត់ដែលមានចំនួនអ្នកចូលទស្សនាវីដេអូនៅលើ Platform ស៊ាវហុងស៊ូ (Xiaohongshu) លើសពី 20 ពាន់លានដងឯណោះ។ នេះអាចនិយាយបានថា ហ្ស៊ាវ លូស៊ឺ (Zhao Lusi) បានវ៉ាដាច់ឈ្នះអ្នកលេងបណ្តាញសង្គមគ្រប់ភេទ គ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ដោយគ្មាននរណាម្នាក់អាចទប់ទល់នឹងប្រជាប្រិយភាពរបស់នាងបានទេ ។
បណ្តាញសង្គម ស៊ាវហុងស៊ូ (Xiaohongshu) ឬគេស្គាល់ច្បាស់ថា "RedNote" គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំមួយនៅក្នុងប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះឱ្យថាជា Instagram របស់ប្រទេសចិនផងដែរ។ បណ្តាញសង្គមនេះ មានមុខងារផ្សេងៗដូចជា ការចែករំលែកការរស់នៅ សម្រស់ និងការទិញទំនិញអនឡាញជាដើម ដែលទាំងនេះបានធ្វើឱ្យបណ្តាញសង្គម ស៊ាវហុងស៊ូ (Xiaohongshu) នេះមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមប្រជាជនចិន។ ហើយឥឡូវនេះ ឥទ្ធិពលរបស់វាបានរីករាលដាលពាសពេញពិភពលោកជាបន្តបន្ទាប់ ។
ដោយឡែក រឿងដែល ហ្ស៊ាវ លូស៊ឺ (Zhao Lusi) អាចបង្កើតកំណត់ត្រាដ៏មិនគួរឱ្យជឿនេះ ក៏បានបង្ហាញឱ្យឃើញពីឥទ្ធិពលនិងប្រជាប្រិយភាពរបស់នាង មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងមានឥទ្ធិពលលើប្រព័ន្ធអ៊ីនធឺណិតផងដែរ ៕