កាលពីថ្ងៃពុធ ទី30 ខែកក្កដា ទីក្រុងសៀងហៃបានជម្លៀសមនុស្សប្រមាណ 280.000 នាក់ ផ្អាកសេវាកម្មសាឡាង និងជើងហោះហើរប្រមាណ 640 ជើង ខណៈដែលព្យុះត្រូពិច បានបង្កជាភ្លៀងធ្លាក់ខ្លាំងបោកបក់លើតំបន់ភាគខាងកើតប្រទេសចិន។ ការបាក់ដីក៏បានកើតមាននៅក្នុងទីក្រុងកំពង់ផែ ជូសាន (Zhoushan) ក្នុងខេត្ត ជេជាំង (Zhejiang) ពោល គឺភ្លាមៗបន្ទាប់ពីមានការព្រមានអំពីរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយគ្រោះរញ្ជួយកម្រិត 8.8 រ៉ិចទ័រដែលបានវាយប្រហារតំបន់ភាគខាងកើតរបស់ប្រទេសរុស្ស៊ី។